ការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា ជ្រើសរើស​យកការ​ដោះ​ស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិត ខាងដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ

ភ្នំពេញ៖ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់ ក្នុងការកំណត់ខ្សែព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកុំ ឱ្យបញ្ហា​ព្រំដែននេះ មិនអាចចប់ជាមួយគ្នា និងបន្តដល់កូនចៅជំនាន់ក្រោយ។ នេះជាប្រសាសន៍ដឹកនាំ​ដ៏ខ្ពង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រវត្តិសាស្ត្រ ដែលតុលាការយុត្តិធម៌​អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះ លើរឿងក្តី​ប្រាសាទ​ព្រះវិហារ។

រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយគណបក្សប្រជាជន​កម្ពុជា ដែលបានបង្ហាញនូវគោលបំណងយ៉ាងម៉ឹង​ម៉ាត់ និង​ច្បាស់លាស់​បំផុត គឺថែរក្សាសន្តិភាព ដែលរកបានដោយកម្រ, ដោយយកជីវិតធ្វើដើមទុន របស់សម្តេចអគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងការដឹកកម្លាំងអ្នកស្នេហាជាតិ ប្រមូលផ្តុំការតស៊ូសង្រ្គោះជីវិតប្រជាជន និងរំដោះជាតិពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្ស​ប្រជាជនកម្ពុជា បានបន្តដឹកនាំការកសាងប្រទេស​ពីបាតដៃទទេរ ពីគំនរផេះផង់ ក្នុងបរិការណ៍ដៃម្ខាងការពារវិលត្រឡប់ នៃរបបអាវខ្មៅ​ដ៏សាហាវយង់ឃ្នង, ដៃម្ខាង​ប្រឹងប្រែងអភិវឌ្ឍន៍ជីវភាពប្រជាជន ស្តារនិងកសាងប្រទេសថែមទៀត។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាស​វៃបំផុត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ជាបន្តបន្ទាប់ បានពុះពារគ្រប់ការលំបាករហូត​បាន​បង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមនយោបាយឈ្នះ ឈ្នះ ដោយនាំយក​សន្តិភាព និងស្ថិរភាពនយោបាយ​ពេញលេញ ជូនប្រជាជនកម្ពុជា និងមាតុភូមិកម្ពុជា នាថ្ងៃទី២៩ ខែធ្នូឆ្នាំ១៩៩៨ និងថែមទាំងបាន​ធ្វើឱ្យកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃ។

រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នក​ដឹកនាំបន្តវេន ប្រកបដោយសក្តានុពល និងចក្ខុវិស័យច្បាស់លាស់ បានបន្តជ្រោងទង់សន្តិភាព និងការអភិឌ្ឍជូនជាតិ មាតុភូមិកម្ពុជា និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ព្រមទាំង បន្តដឹកនាំប្រទេស​ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ កម្ពុជានឹងក្លាយជាប្រទេសមាន​ចំណូលខ្ពស់។ រាជរដ្ឋាភិបាលបន្តវេនសម្រេចបានសមិទ្ធផលជាច្រើន ទាំងកម្រិតជាតិ និងអន្តរជាតិ រហូតទទួលបាន​កិត្តិ​ស័ព្ទល្បាញល្បី​គ្រប់ទិសទី ពេញសកល ជាប្រទេសមានការអភិវឌ្ឍឆាប់រហ័ស និងប្រជាជនមានជីវភាពរីក​ចម្រើនជាលំដាប់។ ទាក់ទាញបានការ​វិនិយោគ បង្កើនការងារ អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធបម្រើ ឱ្យខឿន​សេដ្ឋកិច្ច​​ជាតិ,មានកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់ ចំនួន៦ភាគរយ នៅឆ្នាំ២០២៤ និងត្រូវបានព្យាករណ៍មានកំណើន ជាង៦ភាគរយ នៅឆ្នាំ២០២៥។

ទាក់ទងនឹងបញ្ហាបូរណភាពទឹកដី សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស​កន្លងទៅ ដោយយក​គោលនយោយបាយ និងយុទ្ធសាស្រ្តរឹងមាំ ច្បាស់លាស់ ពិតប្រាកដ ការពារទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមីលីម៉ែត, ការពារជាតិ ការពារប្រជាជនកម្ពុជា ប្រឆាំងនឹងការរំលោភ អធិបតេយ្យភាព និងជា​ពិសេស​ការបំពានព្រំដែនណាមួយ។ នៅពេលបច្ចុប្បន្នរាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំបន្ត​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុ​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងការកំណត់ខ្សែ​ព្រំដែន ដើម្បីកុំឱ្យបន្តដល់កូនចៅជំនាន់ក្រោយ ក្នុងពេលជាមួយ​គ្នានេះ បានពង្រឹងខឿនការពារជាតិ បំពាក់សម្ភារ បច្ចេកទេស វិទ្យាសាស្រ្ត និងមូលធនមនុស្ស ឱ្យមានការរីកចម្រើនឥតឈប់ឈរ។

ស្ថានភាពពិតប្រាកដនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការ​លួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរពីខាងភាគីថៃ ការសម្រេចចិត្តជា​ឯកតោភាគីរបស់ថៃបិទព្រំដែន និងសកម្មភាពដែលថៃ បានរំលោភ​បំពាន​មកលើកម្ពុជា ក៏ដូច​ជាបូរណភាពទឹកដីកម្ពុជា នាពេលកន្លងមក ដែលជាផ្នែកមួយដែលកម្ពុជាត្រូវតែមានវិធានការក្នុងការទប់ស្កាត់ឆ្លើយ​តបត្រឡប់ទៅវិញ។

ក្នុងពេលនេះ រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មានជំហ​ម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដោយ​សន្តិវិធី និងច្បាប់អន្តរជាតិ ដោយបានបញ្ជូនលិខិតជាផ្លូវការទៅកាន់​តុលាការយុត្តិធម៌​អន្តរជាតិ(ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយ​ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ការដឹកនាំនេះ បានទទួលការគាំទ្រយ៉ាង​ពេញ​ទំហំង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៃមហាគ្រួសារខ្មែរ នៅគ្រប់​ទិសទី ខណៈកងកម្លាំងនិងសព្វាវុធរបស់កម្ពុជា ត្រូវបានត្រៀមបម្រុង​ជាប់ជាប្រចាំ ដើម្បីការពារទឹកដី ក្នុងករណីមាន​ការឈ្លានពានណា​មួយ។

សូមបញ្ជាក់ថា កម្ពុជាសម្រេចបានយុត្តិធម៌ជាប្រវត្តិសាស្រ្ត សម្រាប់​ប្រជារាស្រ្តខ្មែរ និងជាតិមាតុភូមិកម្ពុជាដ៏បវរ កាលពី ៦៣ឆ្នាំមុន គឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេច​ឱ្យកម្ពុជាឈ្នះ លើរឿងក្តីប្រាសាទព្រះវិហារ។ ការដឹកនាំ​ប្រទេសរបស់គណណបក្សប្រជាជនកម្ពុជា បានបង្ហាញ​យ៉ាង​ជាក់ច្បាស់ថា កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់​លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយ​ប្រទេសជិតខាង ដើម្បីកុំឱ្យ​កូនចៅជំនាន់ក្រោយ នៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ជាពិសេសនោះគឺបងប្អូនជន​រួមជាតិ​ទាំងអស់ បានផ្ដល់ការទុក​ចិត្ត​យ៉ាងពិតប្រាកដ គ្រប់ទិសទី មកលើរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការខិតខំប្រឹងប្រែង ធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បី​ការពារ​បូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន​កម្ពុជា៕
ដោយ៖អប្សរា

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner