សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ស្របពេលដែលថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា ប្រារព្ធមីទ្ទិញអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) យ៉ាងមហោឡារិក នៅទីស្នាក់ការកណ្ដាលគណបក្ស (គ៨៥) ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
គណបក្សប្រជាជនកម្ពុជា នៅគ្រាដំបូងមានឈ្មោះថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» ដែលត្រូវបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ។
គណបក្សនេះ មានប្រភពចេញពីចលនាតស៊ូស្នេហាជាតិ របស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលប្រជាជនជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ ឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាជន ពិសេស ធានាបាននូវការការពារសុខសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយជីវភាពប្រជាជន និងការបន្តកែទម្រង់លើគ្រប់វិស័យ។
គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់អត្តចរិត ឥតប្រែប្រួលរបស់ខ្លួន គឺជាកម្លាំងឈានមុខរបស់ប្រជាជន ដែលបានពុះពារធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឯករាជ្យ សន្ដិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះហើយ ដែលគណបក្សប្រជាជនកម្ពុជា បានក្លាយជាបង្អែកដ៏រឹងមាំ ជាជំនឿ និងក្តីសង្ឃឹមរបស់ប្រជាជន។ សច្ចធម៌នេះ បានកើតឡើងពីភាពប្រាកដជាក់ស្តែងនៃនយោបាយ និងសកម្មភាពជាប្រចាំរបស់គណបក្ស ចាប់តាំងពីពេលបដិសន្ធិឡើង រហូតមកដល់បច្ចុប្បន្ន។ ជាក់ស្ដែង គណបក្សបានដឹកនាំធ្វើការតស៊ូរួមចំណែកដល់ការទាមទារឯករាជ្យ និងបានចូលរួមយ៉ាងសកម្ម ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យជាតិពីឆ្នាំ១៩៥៣-១៩៧០។ ក្នុងពេលដែលប្រទេសជាតិ ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពីឆ្នាំ១៩៧០-១៩៧៥ ក្រោយពីបនក្បត់ជាតិលោក លន់ នល់ ធ្វើរដ្ឋប្រហារផ្ដួលរំលំ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គណបក្សបានបន្តដឹកនាំប្រជាជនធ្វើការតស៊ូ ដើម្បីរំដោះប្រទេសជាតិពីកណ្ដាប់ដៃ ពួកខ្ញុំកញ្ជះបរទេសរហូតទទួលបានជ័យជម្នះទាំងស្រុង។ ប៉ុន្តែក្រោយពីសង្គ្រាមផុតរលត់ទៅបនក្បត់ ប៉ុល ពត អៀង សារី ខៀវ សំផន បានឆក់ប្លន់យកជោគជ័យនេះទៅកាន់កាប់នៅក្នុងកណ្ដាប់ដៃបក្ខពួក និងគ្រួសាររបស់ខ្លួនបង្កើតជា របបកម្ពុជាប្រជាធិបតេយ្យ អនុវត្តន៍នយោបាយប្រល័យពូជសាសន៍ យ៉ាងសាហាវយង់ឃ្នង ទៅលើអាយុជីវិតប្រជាជនកម្ពុជា យ៉ាងសាហាវព្រៃផ្សៃបំផុត។
ក្នុងពេលដែលប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះ នៃមហាវិនាសកម្មនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាសង្គ្រោះជាតិ វាយផ្តួលរំលំរបបប្រល័យ ពូជសាសន៏នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ បានទាន់ ពេលវេលា ដោយបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅ ងងឹតបំផុត នៃកម្ពុជា បើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់មាតុភូមិកម្ពុជា និងប្រជាជនកម្ពុជា លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។
ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ជាពិសេស គឺការការពារ ការរស់ឡើងវិញរបស់ប្រជាជន ទប់ស្កាត់ការប៉ុនប៉ង វិលមកសារជាថ្មី នៃរបបប្រល័យពូជសាសន៍ ការស្តារ និងកសាងប្រទេសឡើងវិញតាំងពីបាតដៃទទេ ឱ្យមានស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណៈជាមូលដ្ឋានសម្រាប់ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដីការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទី២ នៅឆ្នាំ១៩៩៣ ។
តាមរយៈនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បង្កើតបានសន្តិភាពពេញលេញជូនប្រទេសជាតិ ចាប់ពីខែធ្នូ ឆ្នាំ១៩៩៨។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា កាន់តែទទួលបាននូវសមិទ្ធផលធំៗជាច្រើន ទៀត ក្នុងនោះគឺការការពារបានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
លទ្ធិប្រជាធិបតេយ្យកាន់តែត្រូវពង្រឹងបានជាលំដាប់ ក្រោមម្លប់ សន្តិភាព ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តទៅដោយជោគជ័យ ដែលនៅក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះ ដោយទទួលបាន ១២០ អាសនៈ ក្នុងរដ្ឋសភា។ ឆ្លងតាមលទ្ធផលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលត្រូវបាន កសាងលើមូលដ្ឋានកម្មវិធីនយោបាយរបស់គណបក្ស និងបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (២០២៣-២០២៨) ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិនិង កសាង មូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ប្រែក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និង ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ៕
ដោយ ៖ វណ្ណលុក



