សម្ដេចតេជោ ហ៊ុន សែន ៖ យើងទាំងអស់គ្នា ប្តេជ្ញាយកអស់កម្លាំងកាយ-ចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្ស

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាថា យើងទាំងអស់គ្នាប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិ ឱ្យគង់វង្សជារៀងរហូត ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងពិធីមីទ្ទិញរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ។

សម្ដេចតេជោ មានប្រសាសន៍ថា ថ្ងៃនេះ ជាទិវាដ៏ឱឡារិក និងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចបងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកំពុងចូល រួមអបអរសាទរ យ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើទី ៧៤ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

សម្ដេចបន្តថា គណបក្សមានឈ្មោះដើមថា បក្សប្រជាជន បដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជន ប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ ដោយរួមសាមគ្គីប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយ ចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។

សម្ដេចតេជោ បានបញ្ជាក់ថា ចាប់ពីពេលបដិសន្ធិ មកដល់បច្ចុប្បន្ន គណបក្ស បានផ្សារភ្ជាប់ជានិច្ច ជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ា មួយយ៉ាងវែង ឆ្លងកាត់ដំណាក់កាលជាច្រើន នៃប្រវត្តិសាស្ត្រប្រកបដោយ វីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្តារកសាង ប្រទេសឡើងវិញ, ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ។

សម្ដេចតេជោ បានប្ថែមថា យើងប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការីជន សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេង នៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តម ទាំងនេះ ធ្វើឱ្យប្រជាជាតិមាតុភូមិជាទីស្នេហានៃយើងបានស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នា ចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុតនេះ ហើយប្តេជ្ញា យកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងរហូត។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្ដេចតេជោ ក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតា ធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។ សម្ដេចសូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពល មាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ត្រជំសុខក្សេមក្សាន្ត នៃមាតុភូមិ និងប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទីជារៀងដរាប ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner