សម្ដេចតេជោ ៖ ជោគជ័យរបស់គណបក្សសម្រេចបាន ក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំ អាស្រ័យ ដោយមូលហេតុធំៗចំនួន ៦

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជោគជ័យរបស់គណបក្សសម្រេចបាន ក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំ អាស្រ័យ ដោយមូលហេតុធំៗចំនួន ៦ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងពិធីមីទ្ទិញរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ។

សម្ដេចជោ មានប្រសសាន៍ថា ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិ ទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេស បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបប ប្រល័យពូជសាសន៍នៅថ្ងៃ៧មករា ឆ្នាំ ១៩៧៩ មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយ មួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្តែង សម្រេច បានសមិទ្ធផលដ៏ថ្លៃថ្លាបំផុត លើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរ ទាំងមូល បានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាន នូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល។

សម្ដេចតេជោ បន្តថា លើមូលដ្ឋានតថភាពនេះ ប្រជាជន ពិតជាបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជន កម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបន្តដឹកនាំប្រជាជន ឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន។ សច្ចធម៌នេះ បានបញ្ជាក់ច្បាស់តាមរយៈ ការគាំទ្រយ៉ាងច្រើនលើសលប់ របស់ប្រជាជនមកលើគណបក្សនៅក្នុងរាល់ការបោះឆ្នោតកន្លងមក ទាំង ការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋាន ឃុំ សង្កាត់។ ការគាំទ្រនេះ បានធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបាននាំកម្ពុជា ឱ្យឈានឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតជាបន្តបន្ទាប់ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន។ ជាមួយគ្នានេះ តាមរយៈការគាំទ្ររបស់ប្រជាជន ក៏បានធ្វើឱ្យបរាជ័យ នូវឧបាយកលដ៏ពិសពុលរបស់ ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែរិះរកគ្រប់វិធី ឥតឈប់ឈរប៉ុនប៉ង ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលផ្ទុយទាំងស្រុង ពីរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជន ។

សម្ដេចតេជោ បានបញ្ជាក់ថា ការសម្រេចបានជោគជ័យ របស់គណបក្សក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យ ដោយមូលហេតុធំៗ ចំនួន ៦ រួមមាន៖

១- គណបក្ស មានភាពត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ។

២- គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុស ត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស។

៣- គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់។

៤- គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌។

៥- គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន។

៦- គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើរ។

សម្ដេចថា មូលហេតុទាំងនេះ មានសារៈសំខាន់បំផុត សម្រាប់ការដឹកនាំរបស់គណបក្សតទៅមុខទៀត ដើម្បីធានា នូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner