ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ជាវេទិកាមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ មិនត្រឹមតែជាការប្រកួតប្រជែងកីឡាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃទៀត ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ក្នុងឱកាសជួបប្រជុំជាមួយ Grand Master Professor RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ Grand Master Professor RI YONG SON ដែលបានអញ្ជើញមកពីចម្ងាយ និងផ្តល់ជាកិត្តិយសចូលរួមក្នុងកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅនៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF របស់ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម ដែលបានអនុញ្ញាត និងបញ្ជូនកីឡាករ កីឡាការិនី ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវការសោកស្តាយ ចំពោះអវត្តមានរបស់ក្រុមកីឡាតេក្វាន់-ដូ ITF ថៃ ដោយសារតែភាពតានតឹងផ្នែកនយោបាយរវាងប្រទេសទាំង២ ។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានផ្តល់ការគាំទ្រកីឡាតេក្វាន់-ដូ ITF ជាពិសេសកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីកម្រិតអាស៊ីអាគ្នេយ៍នេះ អាចប្រព្រឹត្តទៅបាន គឺកើតចេញពីកត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner