គោលដៅរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ គឺរឹតចំណងមិត្តភាព និងទាក់ទាញទេសចរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តមផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានថ្លែងថា កក្តាដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ជាលើកទី២ ក្នុងឆ្នាំ២០២៥នេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងតំបន់អាស៊ាន តាមរយៈជំនួបការប្រកួតក្បាច់គុន។ ហើយ ក៏ជាឱកាសស្រូបទាញទេសចរ តាមរយៈអត្តពលិកអន្តរជាតិមកចូលរួមផងដែរ។

ការថ្លែង របស់ អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានថ្លែងថា ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតITFនេះ មិនមែនត្រឹមតែជើងឯកកម្រិតអាស៊ីអាគ្នេយ៍មួយនេះឡើយ។ ពោលគឺយើងមានមហិច្ឆតារៀបចំឈានដល់កម្រិតអាស៊ីថែមទៀតផងនាពេលខាងមុខ។ មានន័យថា យើងទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតធំៗយើងចង់បង្ហាញនិងផ្សព្វផ្សាយទៅកាន់អន្តរជាតិថា កម្ពុជាក្រោមម្លាប់សុខសន្តិភាព មានការរីកចម្រើន និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍មកកំសាន្តដោយគ្មានក្តីបារម្ភ។

ឯកឧត្តម អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានបញ្ជាក់ទៀតថា ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ ដែលដំណើររយៈពេល ៣ថ្ងៃនេះ មាន ៧ប្រទេសក្នុងតំបន់អាស៊ីអាក្នេយ៍ដែលមកចូលរួមនេះ សុទ្ធសឹងជាកីឡាករកីឡាការិនីលំដាប់កំពូលរបស់ប្រទេសគេ ខណៈដែលកីឡាករកម្ពុជាក៏យើងបានជ្រើសរើសកីឡាករកីឡាការិនីខ្លាំងនិងកំពូលដូចគ្នា ព្រោះការប្រកួតនីមួយៗប្រទេសដែលចូលរួមសុទ្ធសឹងតែចង់ឈ្នះមេដាយនាំយកទៅប្រទេសគេវិញ ដើម្បីកេរ្តិ៍ឈ្មោះ និងមុខមាត់ប្រទេស ។

ឯកឧត្តម បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានថ្លែងថា ការប្រកួតដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ គឺមានកម្រិតខ្ពស់ជាងការរៀបចំលើកទី១ មានន័យថា ការប្រកួតលើកទី២នេះ កីឡាករកីឡាការិនីបានចុះឈ្មោះទៅតាមប្រព័ន្ធអាយស្ករ ដែលជាប្រព័ន្ធថ្មីរបស់សហព័ន្ធអន្តរជាតិ ហើយកីឡាករកីឡាការិនីចុះឈ្មោះក្នុងប្រព័ន្ធនេះហើយ គ្រប់ទិន្ន័យប្រកួតទាំងអស់ គឺបានបង្ហាញនៅក្នុងគ្រីនទូរទស្សន៍ ។ អ៊ីចឹងហើយ ក្នុងការកាត់សេចក្តីនីមួយៗគ្រប់ភាគីទាំងអស់មានសិទ្ធិតវ៉ាក្នុងករណីការឱ្យពិន្ទុខុសឬធ្វើខុសលក្ខន្តិកៈបច្ចេកទេសណាមួយ។

លោក អគ្គលេខាធិការថា សម្រាប់ការប្រកួតនេះ អ្វីដែលយើងអះអាងថាជាការប្រកួតកម្រិតខ្ពស់នោះ ព្រោះគ្រប់ប្រទេសគឺសុទ្ធតែបានបញ្ជូនចៅក្រមអាជ្ញាកណ្តាលគេមកចូលរួម មានន័យថា ចៅក្រមអាជ្ញាកណ្តាលទាំងនេះ សុទ្ធសឹងមានសញ្ញាប័តកម្រិតខ្ពស់ឡាយសិនAរបស់អន្តរជាតិ។

គួរឱ្យដឹងដែរថា ការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ ដំណើរការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៥ ដោយមានប្រទេសចូលរួមចំនួន៧ប្រទេសរួមមាន៖ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner