ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ៖ កម្ពុជា និង សាធារណរដ្ឋស៊ិប បានចូលរួមសហការយ៉ាងសកម្ម ធ្វើឱ្យកាន់តែរឹងមាំចំណងមិត្តភាព បង្កើនការជជែកលើគោលនយោបាយ និងគាំទ្រគ្នាទៅវិញទៅមក
(សាធារណរដ្ឋស៊ិប)៖ ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋស៊ិប បានរីកចម្រើនយ៉ាងមានន័យលើគ្រប់វិស័យ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ប្រទេសយើងទាំងពីរ បានចូលរួមសហការយ៉ាងសកម្ម ក្នុងគោលបំណងធ្វើឱ្យកាន់តែរឹងមាំចំណងមិត្តភាព បង្កើនការជជែកលើគោលនយោបាយ និងគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាតំបន់ និងអន្តរជាតិក្រោមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ាន ។
នេះជាការលើកឡើង របស់ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព កម្ពុជា ប្រចាំសាធារណរដ្ឋស៊ិប ខណៈ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Haralambo Kafkaridfes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ិប ។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ មានប្រសាសន៍ថា សាធារណរដ្ឋស៊ិប មានសក្តានុពលខ្ពស់ជាប្រទេសឧស្សាហកម្មទេសចរណ៍ និងវិស័យសេវាកម្មហិរញ្ញវត្ថុ ដែលកំពុងរីកចម្រើនយ៉ាងគាប់សម។ កម្ពុជា ក៏មានសម្បត្តិធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប ទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។ ជារួម ប្រទេសយើងទាំងពីរ មានឱកាសដ៏អស្ចារ្យក្នុងការចាប់ដៃគូសហការផ្នែកទេសចរណ៍ និងពង្រឹងការធ្វើពាណិជ្ជកម្មគ្នាទៅវិញទៅមក ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតស៊ិប បានគាំទ្រទាំងស្រុងការលើកឡើងរបស់ ឯកឧត្តម ជាច័ន្ទបរិបូរណ៌ ហើយភាគីទាំងពីរបានឯកភាពបង្កើតឱកាសអោយមានការជួបគ្នារវៀងសភាពាណិជកម្ម កម្ពុជា និង ស៊ិប និងសហប្រតិបត្តការណ៍រួមទាំងវិស័យទេសចរណ៍ផងដែរ។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ លើកឡើងថា កម្ពុជាសង្ឃឹមនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសនៅក្នុងវិស័យព័ត៌មានជាតិ ដោយជឿជាក់ថា ព័ត៌មានគឺជាស្ពានសម្រាប់ភ្ជាប់ប្រជាជនប្រទេសយើងទាំងពីរ ឱ្យបានយល់ដឹង និងមានភាពជិតស្និទ្ធក្នុងមិត្តភាព។ រដ្ឋាភិបាលកម្ពុជា តែងតែប្តេជ្ញាចិត្តធ្វើឲ្យចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររីកចម្រើនដល់កម្រិតថ្មី ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ





