ក្រុមការងារចុះមូលដ្ឋាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ.ឃុំ យកចិត្តទុកដាក់លើពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ

អត្ថបទដោយ៖
Kimsean Sok

(កំពង់ឆ្នាំង)៖ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួង អភិវឌ្ឍជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករលាប្អៀរ មានប្រសាសបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៥របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ នៅសាលាស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម បន្តថា យើងមានវិវាទព្រំដែនកម្ពុជា-ថៃពលករខ្មែរ បានចាកចេញពីប្រទេសថៃមកស្រុកកំណើតវិញ ហេតុនេះសូមអាជ្ញាធរ យកចិត្តទុកដាក់ ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃដើម្បីស្វះ
ស្វែងរកការងារជូនពួកគាត់ ។

នេះគឺជាការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចបវរអធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ អោយបានខ្ជាប់ខ្ជួន ។

ដូច្នេះអាជ្ញាធរស្រុក ក៏ដូចជាភូមិ ឃុំ ត្រូវតាមដានជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកវិញ ត្រូវដឹងអំពីសុខ
ទុក្ខ របស់ពួកគាត់ ហើយបើសិនជាមានបញ្ហាប្រឈម គឺត្រូវអន្តរាគមន៍ជួយគាត់ភ្លាម នេះជាគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បញ្ជាក់ថា បច្ចុប្បន្នស្រុករលាប្អៀរបានសម្រេចបានសមិទ្ធិផលធំៗជាច្រើន ក៏អាស្រ័យដោយមានការដឹកនាំរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងមានការចូលរួមសហការពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ភូមិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋបានយកចិត្តទុកដាក់អនុវត្តបំពេញការងារយ៉ាងសកម្ម ដើម្បីពង្រឹង សន្តិសុខនយោបាយ និងសន្តិសុខសង្គម ធានាមានសុវត្ថិភាពល្អនៅក្នុងមូលដ្ឋាន ធានាលើជីវភាពរស់នៅ កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ដោយមានការប្រឹងប្រែង និងយកចិត្តទុកដាក់ របស់ក្រុមការងារចុះមូលដ្ឋានស្រុក បានធ្វើឱ្យការងារលើគ្រប់វិស័យទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ទន្ទឹមនឹងការងារដែលសម្រេចបាន ក៏នៅមានការងារ បញ្ហាប្រឈម សំណើរ សំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់ដោះស្រាយបាន ហើយយើងត្រូវយកចិត្តទុកដាក់រួមគ្នា ដើម្បីដោះស្រាយ និងអនុវត្តន៍ សកម្មភាពការងារនានាបន្តទៅទៀត ៕

សុខ គឹមសៀន

ads banner