ដុតកំទេចចោលដូងក្រអូបជាង ១តោន ក្រោយរកឃើញនាំឆ្លងដែនមិនស្របច្បាប់ ពីថៃ ចូលមកកម្ពុជា តាមច្រកផ្លូវទឹកក្នុងខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានដុតកំទេចដូងក្រអូបមានទម្ងន់ជាង ១ពាន់គីឡូក្រាម បន្ទាប់ពីបានរកឃើញអំពីការនាំចូលពីប្រទេសថៃ មកកម្ពុជា តាមផ្លូវទឹកដោយមិនស្របច្បាប់ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកំពង់ចម្លង ស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការបង្ក្រាប និងរឹបអូសផ្លែដូងក្រអូបខាងលើនោះ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះស្រាវជ្រាវលើទំនិញបន្លែស្ពៃក្តោប ដែលដឹកជញ្ជូនតាមផ្លូវទឹកពីប្រទេសឡាវ ចូលមកកម្ពុជា ដោយខុសច្បាប់។

បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ បានបន្តស្រាវជ្រាវបន្ថែមទៀត ដល់គោលដៅដែលជាឬសគល់នៃប្រភពទំនិញ និងបានរកឃើញ បន្លែស្ពៃក្តោបជាផលកសិកម្ម ដែលបានដាំដុះនៅក្នុងប្រទេសឡាវ។ ស្របពេលជាមួយគ្នានោះ សមត្ថកិច្ចជំនាញ ក៏បានធ្វើការផាកពិន័យអន្តរការណ៍ និងដោះលែងម្ចាស់ទំនិញទៅវិញផងដែរ។

ប្រភពដដែលបានបន្តថា ខណៈកម្លាំងសមត្ថកិច្ចបានវិលត្រឡប់ទៅវិញ ក៏ស្រាប់ប្រទះឃើញរថយន្ត ១គ្រឿង ពាក់ស្លាកលេខ ក្រុងព្រះសីហនុ ២A-២៣៤៣ កំពុងដឹកជញ្ជូនផ្លែដូងក្រអូប នៅមាត់កំពុងចម្លងខាងលើ រួចក៏បានឃាត់ ដើម្បីសាកសួរ និងបន្តស្រាវជ្រាវជាថ្មី។ លុះក្រោយមកទើបដឹងថា ផ្លែដូងទាំងនោះត្រូវបានឈ្មួញនាំចូលពីប្រទេសថៃ តាមផ្លូវទឹកក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

ខណៈនោះកម្លាំងសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យ ហើយរកឃើញថា មានផ្លែដូងក្រអូបចំនួន ២ពាន់ ៨៥០ផ្លែ ស្មើ ១៥០០គីឡូក្រាម ទឹកដូងច្រកដាក់ដបចំនួន ២៨០ដប ស្មើ ៤២០លីត្រ និងសាច់ដូង ២៤គីឡូក្រាម ថែមទៀតផង។ កម្លាំងសមត្ថកិច្ចនៅគ្រានោះ ក៏បានសម្រេចឃាត់ទុក និងធ្វើរបាយការណ៍រង់ចាំការសម្រេចពីថ្នាក់ដឹកនាំ។

ជុំវិញករណីនេះ មន្ត្រីសាលាស្រុកឆែប បានបង្ហើបឱ្យដឹងថា ក្រោយទទួលបានការណែនាំ និងឯកភាពពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួចមក លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយ មន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការចាប់បង្ក្រាប និងបាននាំយកទំនិញខុសច្បាប់ទាំងនោះ ទៅដុតបំផ្លាញចោល នៅក្នុងបរិវេណសាលាស្រុកឆែប ដោយធ្វើឡើងនៅចំពោះមុខ អ្នកបើកបររថយន្តដឹកដូងក្រអូបនោះ ផងទៀត។

ប្រតិបត្តិការបង្ក្រាប និងរឹបអូសផលិតផល ដែលនាំចូលពីប្រទេសថៃ មកកាន់កម្ពុជា ហើយអនុវត្តនីតិវិធីក្នុងការបំផ្លាញចោលនោះ ត្រូវគេមើលឃើញថា គឺជាសញ្ញាមួយ នៃការព្រមានដល់ក្រុមឈ្មួញ ដែលតែងបានឆ្មក់នាំចូលទំនិញឆ្លងដែន ដោយគ្មានការអនុញ្ញាត៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner