ក្នុងរយៈពេលជាង ៣ខែ គម្រោងដាក់ឲ្យដេញថ្លៃមូលនិធិឃុំសង្កាត់ ៨៧គម្រោង ក្នុងខេត្តកំពង់ឆ្នាំង បានបញ្ចប់
(កំពង់ឆ្នាំង)៖ អ្នកសារព័ត៌មាន ជាសាក្សីយ៉ាងសំខាន់ ដើម្បីឆ្លុះបញ្ចាំងការដេញថ្លៃគម្រោងសាងសង់សមិទ្ធផលនានា ប្រកបដោយតម្លាភាព ដើម្បីធានាគុណភាព ដោយមិនស៊ីសំណូក មិនឃុបឃិត ដែលធ្វើឱ្យខាតបង់កញ្ចប់ថវិកាជាតិ ។

លោក យ៉ុង វណ្ណា អភិបាលរងស្រុករលាប្អៀរ មានប្រសាសន៍បែបនេះ នៅក្នុងពិធីដេញថ្លៃអភិវឌ្ឍន៍ គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័នក្នុងឃុំចំនួន ៣ ក្នុងស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

លោកអភិបាលរងស្រុករលាប្អៀរបន្តថា៖ គ្រប់បណ្តាក្រុមហ៊ុន ដែលបានដាក់ពាក្យដេញថ្លៃ ត្រូវអនុវត្តតាមគោលការណ៍របស់គណកម្មការរៀបចំដេញថ្លៃ ដូចជាក្រុមហ៊ុនត្រូវមានលិខិតច្បាប់មានសុពលភាព ,មានប្រាក់តម្កល់ត្រឹមត្រូវ ។ ពេលដេញថ្លៃបានត្រូវអនុវត្តសាងសង់តាមស្តង់ដា បច្ចេកទេស ដើម្បីធានាគុណភាព ការប្រើប្រាស់យូអង្វែង និង
មិនត្រូវពន្យាពេលចូលសាងសង់ឡើយ។

សូមកុំចង់ឈ្នះដេញថ្លៃតម្លៃទាបពេក លុះពេលអនុវត្តគម្រោងធ្វើមិនកើត រត់ចោលគម្រោង អាចប្រឈមចំពោះមុខច្បាប់ ។ ហេតុនេះសូមពិនិត្យមើលពីគម្រោងឱ្យបានច្បាស់លាស់ មុននឹងសម្រេច
ចិត្តដាក់តម្លៃដេញថ្លៃ។

រាល់ការអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាតាមឃុំសង្កាត់ទូទាំងប្រទេស ខាងក្រសួងនឹងចុះពិនិត្យមើលឱ្យបានច្បាស់លាស់ មុននឹងទទួលយកប្រសិនបើមិនរឹងមាំតាមស្តង់ដានោះទេក្រសួងមិនទទួលយកឡើយ ។
លោក ហង្ស ពិសី នាយកទីចាត់ការ ផែនការវិនិយោគខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា កន្លងមកក្រុមហ៊ុនខ្លះអនុវត្តគម្រោងមិនបានត្រឹមត្រូវក៏ធ្លាប់ ត្រូវវ៉ៃចោលមិនទទួលយក ហើយឲ្យធ្វើថ្មីផងដែរ ដូច្នេះគ្រប់បណ្ដាក្រុមហ៊ុនដែលដាក់ដេញថ្លៃត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ។
នាយកទីចាត់ការផែនការវិនិយោគខេត្ត ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ថ្ងៃនេះគឺជាថ្ងៃបញ្ចប់នៃការដាក់ដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ទាំង ៨៧គម្រោង ហើយ ដែលបានអនុវត្តតាំងពីពាក់កណ្ដាលខែមីនា រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៥ ដែលមានរយៈពេល ជាង ៣ខែ ដែលជាលទ្ធផលការដេញថ្លៃគម្រោងមូលនិធិ គ្រប់ឃុំសង្កាត់ទាំងអស់មានលក្ខណៈត្រឹមត្រូវយុត្តិធម៌ ប្រកបដោយតម្លាភាព និងអាចទទួលយកបាន។ ជាក់ស្ដែងការដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៣ ថ្ងៃនេះ មានក្រុមហ៊ុនមួយដាក់តម្លៃទាបពេក ដែលគិតថាក្រុមហ៊ុនមានការយល់ច្រឡំ ជាលទ្ធផល ការដេញថ្លៃនេះពុំមានសុពលភាព ដូច្នេះការដេញថ្លៃនេះគឺបានទៅលើក្រុមហ៊ុនមួយទៀត ដែលមានតម្លៃទាបបន្ទាប់ ពីក្រុមហ៊ុនដែលពុំមានសុពលភាព ៕
សុខ គឹមសៀន
