ព្រឹត្តិការណ៍កីឡាមិនត្រឹមជាការប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិកាដ៏សំខាន់បណ្តុះសីលធម៌ វិន័យនិងស្មារតីទទួលខុសត្រូវខ្ពស់

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែង លើកឡើងនៅក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី២៨ ខែ មីថុនា ឆ្នាំ២០២៥នេះថា ព្រឹត្តិការណ៍ការប្រកួតកីឡាមិនត្រឹមតែជាការប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះនោះទេ ។ពោលវាក៏ជាវេទិកាដ៏សំខាន់បណ្តុះស្មារតី សីលធម៌ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ។ ក្នុងន័យនេះ កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យ កាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរំលេចថា បច្ចុប្បន្នកីឡាតេក្វាន់ដូITFកម្ពុជាកំពុងមានការរីកចម្រើនគួកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជាសម្រាប់ផ្តល់ឱកាសសម្រាប់យុវជននិងយុវនារីសម្រេចក្តីសុបិន្ទរបស់ខ្លួន។កីឡាតេក្វាន់ដូបានជួយយុវជនជាច្រើនឱ្យចេះតស៊ូនិងជម្នះរាល់ឧបសគ្គដែលជាមេរៀនជីវិតដ៏សំខាន់ជួយឱ្យពួកគេក្លាយជាមនុស្សដ៏រឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការទទួលធ្វើជាម្ចាស់ផ្ទះប្រកួតព្រឹត្តិការណ៍កម្រិតតំបន់នេះ ក៏មិនអាចកាត់ផ្តាច់ពីកក្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ថ្នាក់ដឹកនាំទាំងពីររូបនេះបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតខ្ពស់ធានាបាននូវសុខសន្តិភាពនិងការរីកចម្រើនលើគ្រប់វិស័យដែលជាកក្តាគន្លឹះអនុញាតឱ្យកម្ពុជាអាចរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិបានយ៉ាងជោគជ័យ។ ព្រឹត្តិការណ៍កីឡាទាំងនេះក៏បានជំរុញឱ្យយុវជននិងប្រជាពលរដ្ឋបង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិ ពង្រឹងសាមគ្គ និងមិត្តភាព ដែលជាហេតុរួមចំណែកដ៏សំខាន់ដ៏ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធ កីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងគណៈប្រតិបត្តិ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវចំណុចគន្លឹះមួយចំនួន រួមមាន៖ (១) ការប្រកួត ប្រកបដោយសុចរិតភាព និងស្មារតីអូឡាំពិក (២) ការបង្កើនកិច្ចសហការបច្ចេកទេស (៣) ការប្រឹងប្រែង ប្រកបដោយសីលធម៌ និង (៤) យុត្តិធម៌ក្នុងការកាត់សេចក្តី។

ជាមួយគ្នានេះ លោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ បានថ្លែង កោតសរសើរដល់ប្រទេសកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការរួមចំណែកលើកកម្ពស់កីឡាតេក្វាន់ដូ ITF និងជាកត្តាជួយអភិវឌ្ឍន៍ដុសខាត់ សមត្ថភាព និងបង្កើនបទពិសោធសមាជិកកីឡាតេក្វាន់ដូ ITF ក្នុងតំបន់ឱ្យមានលទ្ធភាពប្រកួតប្រជែង កម្រិតទ្វីប និងពិភពលោក។
សូមរម្លឹកឡើងវិញថា ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី១ កម្ពុជាទទួលបានមេដាយសរុបចំនួន ៥២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣១ មេដាយប្រាក់ចំនួន ១០ និងមេដាយសំរិទ្ធចំនួន ១១ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ៧ប្រទេស ដែលបានចូលរួម៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner