ខេត្តមណ្ឌលគិរីរៀបចំពិធីដង្ហែបុណ្យវិសាខបូជាពីរង្វង់មូលគោព្រៃឆ្ពោះទៅកាន់វត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ មន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី បានរៀបចំពិធីដង្ហែបុណ្យវិសាខបូជា ពីរង្វង់មូលគោព្រៃឆ្ពោះទៅកាន់វត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯក
ឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហម យុវជនកាញ្ញារឹទ្ធ និង ប្រជាពលរដ្ឋ សរុបប្រមាណជាង ២០០០ នាក់នៅព្រឹកថ្ងៃ សៅរ៍ ១៥ កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ ។
 
  បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទរះពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ 

កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
ពិធីបុណ្យនេះ មានការរៀបចំកម្មវិធីទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដូចជា ការសូត្របទសរភញ្ញថ្វាយព្រះរតនត្រ័យ នមស្ការព្រះរតនត្រ័យ សមាទានសីល ប្រកាសវិសាខបូជាវេរភត្ត ប្រគេន ព្រះសង្ឃ ព្រះសង្ឃភត្តានុមោទនា លោកអាចារ្យឧទ្ទិស ថ្វាយព្រះរាជកុសល សូត្របទរម្លឹកគុណព្រះពុទ្ធបរមគ្រូ ជាបន្តបន្ទាប់រួចមក ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន ៣០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់អ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ ជាពិសេសសូមឱ្យគុណបុណ្យ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ នៃព្រះបរមសារីរិកធាតុតាមឃុំគ្រងជួយបីបាច់ថែរក្សាប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូលជួបតែសេចក្តីសុខសប្បាយ និងរីកចម្រើនជារៀងរហូត៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner