រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចែកអំណោយបងប្អូនប្រជាពលរដ្ឋ ជម្លៀសមកស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
(ខេត្តព្រះវិហារ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានចុះ សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្ភារៈប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជំលៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម នៅភូមិគូលែនត្បូង ឃុំគូនលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
អំណោយសម្ភារៈប្រើប្រាស់ដែលត្រូវចែកជូនចំនួន ១៧៣២គ្រួសារ (គ្រួសារចូលថ្មី ៥៣២គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន មុង ភួយ ខ្នើយ កន្ទេល សារ៉ុង ក្រម៉ា ។ អំណោយដែលផ្តល់ជូននាពេលនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា តាមរយៈក្រសួងសុខាភិបាល ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ សូមឱ្យបងប្អូនរស់នៅទីនេះ ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូមប្រើប្រាស់បន្ទប់អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា សូមមានការប្រុងប្រយ័ត្ន ចំពោះកូនតូចៗ ទៅលេងទឹកអាចមានគ្រោះថ្នាក់ សូមឱ្យបងប្អូនគេងក្នុងមុងឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដែលជារដូវវស្សា។
ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសុខាភិបាល ត្រូវបង្កើន និងបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខភាព ជូនបងប្អូននៅទីនេះឱ្យបានខ្ពស់ ជាពិសេសផ្នែកសង្រ្គោះ ការពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងការបញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យតាមស្ថានការណ៍ចាំបាច់។ ឯកឧត្តមសាស្ត្រាចារ្យ សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះវិហារ ដែលបានជួយសម្របសម្រួលក្នុងការស្នាក់នៅ ទឹកស្អាតប្រើប្រាស់ និងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខុមាលភាពប្រជាពលរដ្ឋ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ












