គណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត ប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំដងកាំបិត បានអញ្ជើញប្រារព្ធមីទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិកសមាជិការបស់គណបក្ស រួមជាមួយក្រុមការងារប្រមាណជាង៣៥០នាក់ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងឪកាសនេះឯកឧត្តម បានអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារ របស់សម្ដេចប្រធានគណបក្សបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ រួមកៀកស្មាយ៉ាងចិត្តស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួមគឺពួកអាណានិគមនិយម ឆ្លងកាត់រយៈពេល៧៤ ឆ្នាំកន្លងមកនេះ បានបង្ហាញច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពិសេសបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន រំដោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ឲ្យរួចផុតពីរបបវាលពិឃាដ ទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយនៅឆ្នាំ១៩៩៨ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
ឯកឧត្តម សោម ស៊ុន បញ្ជាក់ថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំ ថែរក្សា ការពារសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿង លើគ្រប់វិស័យ បច្ចុប្បន្ននេះកំពុងចាត់វិធានការយ៉ាងមុឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ និងការដោះស្រាយតាមផ្លូវច្បាប់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អាយសុីជេ នៅតំបន់ប្រសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ។
កញ្ញា ឈុំ ឆេងហ័រ តំណាងឲ្យអង្គមីទ្ទីង បានប្តេជ្ញាចិត្ត ក្នុងការឆ្លើយតបនូវគុណូបការៈដ៍ធំធេងរបស់គណបក្ស អស់រយៈពេល៧៤ឆ្នាំ ៖
១-ប្តេជ្ញា គាំទ្រ និងដើរតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាដាច់ខាត ។
២-ប្តេជ្ញា ពង្រឹងសាមគ្គីជាតិ សាមគ្គីរវាងគណបក្ស និងប្រជាជនឲ្យកាន់តែរឹងមាំ ជាដាច់ខាត ។
៣-ប្តេជ្ញា អនុវត្ត កម្មវិធីនយោបាយរបស់គណបក្ស ឲ្យបានសម្រេចជោគជ័យ ជាដាច់ខាត ។
ដោយ ប៊ុន រដ្ឋា

