អ៊ីស្រាអែល ថាអន្តរជាតិត្រូវតែចាត់វិធានប្រឆាំងនឹងអ៊ីរ៉ង់
បរទេស ៖ រដ្ឋមន្ត្រីការបរទេស ប្រទេសអ៊ីស្រាអែល បានអះអាងថា «សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការចាំបាច់» ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
លោក Gideon Saar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានអះអាងបែបនេះ អំឡុងដំណើរទស្សនកិច្ច ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាល្លឺម៉ង់ លោក Alexander Dobrindt ទៅកាន់ទីតាំងរងការវាយប្រហារ ពីសំណាក់មីស៊ីលរបស់អ៊ីរ៉ង់ ស្ថិតនៅទីក្រុង Bat Yam ជាយរដ្ឋធានី Tel Aviv កាលពីថ្ងៃអាទិត្យ។
លោក Gideon Saar បាននិយាយថា «សហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការចាំបាច់» ដើម្បីដោះស្រាយបញ្ហា ជាមួយកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។ ចំណែកឯ លោក Dobrindt បាននិយាយថា «គ្មានការសង្ស័យទេ ច្បាស់ណាស់ ប្រសិនបើអ៊ីរ៉ង់ មានសមត្ថភាព នុយក្លេអ៊ែរនោះ សាធារណរដ្ឋឥស្លាម មួយនេះ នឹងប្រើប្រឆាំង មកលើអ៊ីស្រាអែល»។
យ៉ាងណាក៏ដោយ អ៊ីស្រាអែលជាប្រទេស ដែលបានចាប់ផ្តើមវាយប្រហារ លើទីតាំងនុយក្លេអ៊ែរ និងយោធា របស់អ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយនិយាយថា ជាការវាយប្រហារ ក្នុងគោលបំណង រារាំងអ៊ីរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ក្រោយមក សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក ជាបន្តបន្ទាប់ លើកន្លែងសំខាន់ ចំនួនបី ដែលប្រើប្រាស់សម្រាប់កម្មវិធីបរមាណូ របស់ក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២២ ខែមិថុនា៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
