ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សាកសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូន កុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ នៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូន កុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៨ ខែមិថុនា
ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់ក្មួយៗដែលជាកុមារកំព្រា ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អសម្រាប់ប្រទេសជាតិ ។
ជញ្ជើញចូលរូមក្នុងពិធីនោះដែរ មានឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងប្រធានអនុប្រធានមន្ទីរជាច្រើនរូបទៀត ។
ឯកឧត្តម បានបន្តថា សូមក្មួយៗ ជៀសឆ្ងាយពីអំពើឧបាយមុខដូចជាគ្រឿងញៀន គ្រឿងស្រវឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ហើយក៏បានផ្តាំផ្ញើដល់នាយិការ និងក្រុមការងារក្នុងមណ្ឌល ត្រូវសម្អាតអនាម័យបរិវេណក្នុងមណ្ឌល ដោយកាប់ឆ្ការព្រៃ ជម្រះស្មៅ ដើម្បីជាសវាងកើតមុសខ្លា ដែលអាចចម្លងជម្ងឺគ្រុនឈាម ដល់ក្មួយៗជាកុមារកំព្រា ។ សម្រាប់អំណោយដែលយកមកផ្ដល់ជូនក្មួយៗនៅថ្ងៃនេះមានអង្ករ ២០០គីឡូ ទឹកក្រូច ៦កេះ ទឹកសុទ្ធ ៥កេះ មី ១០កេះ ទឹកស៊ីអ៊ីវ៥ យួរទឹកត្រី ៥ យួរ ត្រីខ ៥កេះ សាប៊ូ ៥ធុង និងទឹកដោះគោ ១០កេះ និងថវិការសារុប ១៤ម៉ឺន ។
លោកស្រី ឈិត សុទ្ធា នាយកមណ្ឌលកុមារកំព្រា បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំង និងក្រុមការងារ ដែលតែងតែនាំអំណោយ និងសាកសួរសុខទុក្ខ ដល់ក្មួយៗកុមារកំព្រាដែល កំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងជារៀងរាល់ខែ ។
លោក ស្រីនាយកមណ្ឌល ក៏បានបញ្ជាក់ដែរថា ក្មេងៗនៅមណ្ឌលកុមារកំព្រាមានចំនួន ២៨នាក់ ប៉ុន្តែបច្ចុប្បន្នកំពុង រស់នៅ ១៦នាក់ ចំណែក ១២នាក់ទៀតខ្លះកំពុងរៀននៅមហាវិទ្យាល័យរាជធានីភ្នំពេញ និងខ្លះកំពុងរៀន យកមុខជំនាញ ។ បច្ចុប្បន្នសកម្មភាពរបស់ក្មួយៗរស់នៅក្នុងមណ្ឌលកុមារកំព្រា គឺទៅរៀននៅសាលាបឋមសិក្សាគំរូក្រុង ខ្លះទៀតទៅរៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត ។ ក្រៅពីញ៉ាំអាហាររៀនសូត្រក្មួយៗតែងតែធ្វើពលកម្មនៅក្នុងមណ្ឌល ដូចជាសម្អាតបរិស្ថានអនាម័យជាដើម។ ជារាងរាល់ខែ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងក៏ដូចជាមន្ទីរសង្គមកិច្ចតែងឧបត្ថម្ភជាស្បៀង ថវិកា សម្ភារៈជាប្រចាំខែ ដល់មណ្ឌល និងក្រៅពីនោះ យូរៗម្ដង ក៏មានសប្បុរសជនយកកំណោយមកផ្ដល់ជូនកុមារកំព្រាផងដែរ ។ យ៉ាងនេះក្តីក៏នៅតែមានខ្វះខាតខ្លះៗដែរព្រោះមិនអាចគ្រប់គ្រាន់នោះទេ ដោយហេតុនេះហើយ ក្នងនាមលោក
ស្រី នាយិការមណ្ឌល សូមអំពាវនាវដល់បងប្អូន សប្បុរសជននានា សូមមេត្តាជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនេះផង ៕
សុខ ៖ គឹមសៀន