ឯកឧត្តម កែ គឹមយ៉ាន នាំយកអំណោយ ប្រគល់ជូនកងទ័ព ឈរជើង ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
គន្ធា ឃិន

(បន្ទាយមានជ័យ)៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមានគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ព នៅទីបញ្ជាការទិសទី១បន្ទាយមានជ័យ ដែលឈរជេីតាមបន្ទាត់ព្រំដែន ការពារបូរណៈភពទឹកដី ពីការឈ្លាសពានពីប្រទេសថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំបណ្តាំផ្ញើសួសុខទុក្ខ ការយកចិត្តទុកដាក់ និងជូនពរជ័យពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោយក្តីនឹករលឹក។

ឯកឧត្តម ក៏បានថ្លែងអំណរគុណទៅដល់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់ រួបរួមសាមគ្គី ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានពីពួកសត្រូវឈ្លានពានក្រោយមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កាន់តែមានភាពតាន់តឹង ដែលបង្កឡើងដោយភាគីថៃ មានមហិច្ឆតាចង់បានទឹកដីកម្ពុជា បានលួចបន្លំគូសផែនទីក្លែងក្លាយដោយខ្លួនឯង។

ឯកឧត្ដម បញ្ជាក់ ថា ឆន្ទៈ និងការលះបង់យ៉ាងធំធេងរបស់កងទ័ព ដើម្បីការពារជាតិ មាតុភូមិ គឺជាការរួបរួមសាមគ្គី ដេីម្បីបុព្វហេតុជាតិមាតុភូមិ ការពារទឹកដី ដោយមិនត្រូវអនុញ្ញាតឱ្យសត្រូវឈ្លានពានរំលោភយកដីកម្ពុជា បានឡើយ។

សូមបញ្ជាក់ថា ចំពោះអំណោយដែលត្រូវបានផ្តល់ជូនដល់កងកម្លាំងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រួមមាន ត្រីចំហុយ ចំនួន៦០០ កញ្ច្រែង, ទឹកសុទ្ធ កម្ពុជា ១០០០កេស, ស្ពៃក្ដោប ចំនួន ២៧០០គីឡូក្រាម, ប្រហុក ១៧៤០គីឡូក្រាម , សៀង ១០០០គីឡូក្រាម , មុងអង្រឹង ៥០០, មុង៤០០, សាប៊ូ ២០កេស រួមនិងថវិកាសរុបចំនួន៣០លានរៀល៕

ដោយ ៖ ឃិន គន្ធា

ads banner