ក្រសួងយុត្តិធម៌កំពុងតែធ្វើកិច្ចការងារពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរពីបុគ្គលដែលប្រព្រឹត្តសកម្មភាពឃុបឃិតជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិខ្មែរខ្លួនឯង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម សេង ឌីណា បានមានប្រសាសន៍រសៀលថ្ងៃទី៣០ ខែមិថុនា នេះថា ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរពីបុគ្គលដែលប្រព្រឹត្តសកម្មភាពឃុបឃិតជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិខ្មែរខ្លួនឯង គឺក្រសួងយុត្តិធម៌កំពុងតែធ្វើកិច្ចការងារនេះហើយ និងធ្វើឱ្យបានឆាប់ ព្រោះថា នេះគឺជារឿងសំខាន់ដើម្បីធានាថា កម្ពុជាមិនត្រូវបានជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសតាមរយៈពលរដ្ឋខ្មែរណាម្នាក់ ដើម្បីប្រឆាំងនឹងផលប្រយជន៍ជាតិរបស់កម្ពុជា។

យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ។ នៅពេលដែលពលរដ្ឋខ្មែរណាម្នាក់ទៅឃុបឃិតជាមួយនឹងបរទេស ហើយមកបំផ្លាញប្រជាជាតិខ្មែរខ្លួនឯង បំផ្លាញប្រជាពលរដ្ឋខ្មែរគ្នាឯង បុគ្គលនោះគឺលែងស័ក្តិសមជាពលរដ្ឋខ្មែរតទៀតហើយ។ មែនទែនទៅ គឺបុគ្គលនោះខ្លួនឯងដែលដាក់ខ្លួនឯងឱ្យនៅក្រៅភាពជាពលរដ្ឋខ្មែរដោយខ្លួនឯង តាមរយៈការប្រព្រឹត្តទង្វើប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ ពីព្រោះថាបើសិនជាពលរដ្ឋខ្មែរមែន គឺមិនទៅបម្រើបរទេស ហើយមកបំផ្លិចបំផ្លាញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរគ្នាឯងទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍បញ្ជាក់ថា “រឿងដកសញ្ជាតិពីពលរដ្ឋដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏បទល្មើសប្រឆាំងនឹងផលប្រយោជន៍ជាតិនេះ គឺមិនមែនជារឿងថ្មីដែលមាននៅកម្ពុជានោះទេ នៅតាមបណ្តាប្រទេសច្រើនផ្សេងទៀត គឺមានដូចជានៅ សហរដ្ឋអាម៉េរិក អង់គ្លេស កាណាដា អូស្ត្រាលី បារាំង និងប្រទេសច្រើនទៀតនៅអឺរ៉ុប ក៏គេមានច្បាប់បែនហ្នឹងដែរ គឺច្បាប់អនុញ្ញាតឱ្យហូតសញ្ជាតិពីពលរដ្ឋទាំងឡាយណាដែរប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏ប្រព្រឹត្តបទល្មើសប្រឆាំងនឹងផលប្រយោជន៍ជាតិ”។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ ការណែនាំរបស់សម្តេចតេជោ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា “ខ្ញុំសូមផ្តាំផ្ញើទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ ព្រោះពេលនេះជាពេលវេលាដែលត្រូវការហើយ ច្បាប់រដ្ឋធម្មនុញ្ញរបស់យើងមិនអនុញ្ញាតឱ្យមានការដកសញ្ជាតិទេ ហើយខ្លួនខ្ញុំទប់ទល់អារឿងហ្នឹង ប៉ុន្តែកាលពីសម័យសាធារណរដ្ឋខ្មែរវាកាត់ទោសព្រះករុណាព្រះបិតា ហ្លួងម៉ែ វាកាត់ទោសដកសញ្ជាតិ តុលាការរបស់លន់ នុល មានច្បាប់អនុញ្ញាតឱ្យដកសញ្ជាតិ។ ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ្ញយើង គឺមិនដកសញ្ជាតិ មិននិរទេសពលរដ្ឋខ្មែរ។ ប៉ុន្តែនៅពេលវេលានៃការបង្ហាញមកដល់អំពីការឃុបឃិតជាមួយបរទេសប្រឆាំងនឹងជាតិឯង តើតម្រូវឲ្យមានការដកសញ្ជាតិទេ? សូមឱ្យសិក្សាអំពីបញ្ហានេះ នេះគ្រាន់តែជាគំនិតផ្តួចផ្តើមដែលខ្ញុំមើលឃើញថា វាល្មមដល់ពេលហើយដែលកម្ពុជាត្រូវធ្វើរឿងនេះ ដើម្បីជាការធានាការអះអាងមួយថា កម្ពុជាមិនត្រូវបានទទួលការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនទេ”៕
ដោយ៖ពលជ័យ

ads banner