មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌លើកទឹកចិត្តដល់ផលិតករស្វែងយល់បន្ថែមលើបច្ចេកវិទ្យាAIដើម្បីជំរុញភាពយន្តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌បានលើកឡើងថា បច្ចេកវិទ្យាAI រួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញសកម្មភាពនៃការផលិតភាពយន្តមួយ ដែលកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ ហើយអាចធ្វើការបង្កើតនូវព័ត៌មានច្រើនក្នុងការកសាងនូវស្នាដៃភាពយន្តបានច្រើន។

តាមរយៈនេះ វានិងផ្តល់ប្រយោជន៍មួយដេរសំរាប់ផលិតករ ក្នុងការផលិតភាពយន្តព្រោះថា វាបានចូលរួមផ្តល់នូវទិន្ន័យមួយចំនួនដែលអាចនិងទទួលយកបាន ហើយផ្តល់នូវភាពងាយស្រួលនៅក្នុងការផលិត ។

«យើងផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ផលិតករយើងឱ្យសិក្សាស្វែងយល់ទទួលនូវការបណ្តុះបណ្តាលបន្ថែមលើ បច្ចេកវិទ្យា AIនេះ ដើម្បីទាញយកប្រយោជន៍ ឱ្យបានច្រើនជាអតិបរមាក្នុងការប្រើប្រាស់ដើម្បីជំរុញ ការផលិតភាពយន្តកាន់តែល្អប្រសើរ»។

នេះបើតាមការលើកឡើងរបស់ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្ងៃទី ២៩ ខែមិថុនា ក្នុងពិធីដាក់ឱ្យដំណើរការវេទិកា Hi View និងពិធីដាក់បង្ហាញរឿងភាគខ្លី AI ដំបូងរបស់កម្ពុជា ដែលសហរៀបចំដោយក្រុមហ៊ុន Guangxi Yaoxiang Culture Communication ប្រទេសចិន និងក្រុមហ៊ុន BKL Media Production កម្ពុជា ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីជំរុញការអនុវត្តនវានុវត្តន៍នៃបច្ចេកវិទ្យា AIGC ក្នុងឧស្សាហកម្មវប្បធម៌កម្ពុជា ។

លោកស្រី ធៀន ណារុំ អ្នកចាត់ការទូទៅក្រុមហ៊ុន BKL MEDIA PRODUCTION ក្នុងនាមជាតំណាងរបស់ Hi View ប្រចាំនៅកម្ពុជា ក្រុមហ៊ុន BKL នឹងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងភាគីសហប្រតិបត្តិការកម្ពុជានិងចិន ក្នុងវិស័យបច្ចេកវិទ្យា AIGC និងវិស័យផលិតកម្មវិធីបង្កើតមាតិកា។ ការគាំទ្រផ្នែកបច្ចេកទេសពីដៃគូសហប្រតិបត្តិការចិន បានអនុញ្ញាតឱ្យកម្លាំងបច្ចេកទេស និងប្រាជ្ញាវប្បធម៌នៃប្រទេសទាំងពីររួមបញ្ចូលគ្នា ជួយដល់អរិយធម៌ខ្មែរឈានជើងទៅកាន់ឆាកអន្តរជាតិ និងដើម្បីបង្ហាញពីភាពទាក់ទាញរបស់ខ្លួនទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា នៅឱកាសនេះក៏មានពិធីចុះហត្ថលេខា សមាគមយុវជនឌីជីថលកម្ពុជា-ចិន និង Yaoxiang Culture បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ ភាគីទាំងពីរនឹងអភិវឌ្ឍ ព្រមទាំងសហការស៊ីជម្រៅលើការអនុវត្តបច្ចេកវិទ្យា AIGC ក្នុងវិស័យវប្បធម៌ និងទេសចរណ៍កម្ពុជា ដែលជាចំណុចសំគាល់នៃកិច្ចសហប្រតិបត្តិការជាផ្លូវការរវាងអ្នកបង្កើតមាតិកានៃប្រទេសទាំងពីរ ក្នុងវិស័យការអនុវត្ត AIGC និងការកសាងប្រព័ន្ធអេកូឡូស៊ីបង្កើតមាតិកា។ តារាចម្រៀងខ្មែរពេញនិយម លោក ម៉ា ច័ន្ទបញ្ញា ក៏បានចុះហត្ថលេខាផ្ទាល់ក្នុងពិធីនេះ ដោយក្លាយជាសិល្បករកម្ពុជាដំបូងគេដែលនឹងបង្កើត និងដាក់បង្ហាញរូបភាពសិល្បករឌីជីថល AI ផ្ទាល់ខ្លួន និង MV ដែលផលិតដោយ AI នៅលើវេទិកា Hi View៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner