ខេត្តបន្ទាយមានជ័យ ជាខេត្តទី៨ ដែលបានបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៦៣៥៥បណ្ណ

(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្ត្រខេត្ត ចំនួន ៦៣៥៥បណ្ណ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៥ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សម្រាប់ការដឹកនាំ និងផ្តល់ការគាំទ្រពេញលេញដល់មូលដ្ឋានផ្ទាល់ ជាពិសេសការបំពេញការងាររបស់មន្រ្តីបច្ចេកទេសក្រុមវាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ឈានទៅរកការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនាថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក និងស្រុកម៉ាឡៃ ដែលទើបទទួលបណ្ណកម្មសិទ្ធិ នៅពេលនេះ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ បានចូលរួមអបអរសាទរចំពោះលទ្ធផលដែលសម្រេចបាននាពេលនេះ និងបានគូសបញ្ជាក់ថា គោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ គឺជាគោលនយោបាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនៅដើមអាណត្តិទី ៧ នេះ ឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខិតខំប្រឹងប្រែងធ្វើយ៉ាងណាអនុវត្តការងារនេះ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នេះគឺជាជំហានមួយស្ថិតក្នុងដំណើរដ៏វែងឆ្ងាយរបស់យើង ដែលបានចាប់ផ្ដើមការធ្វើកំណែទម្រង់ដីធ្លីដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន តាំងពីឆ្នាំ ១៩៨៥ មកម៉្លេះ ។ ក្នុងការវាស់វែងដីធ្លីនេះគឺបានប្រើប្រាស់កម្លាំងសរុប ក្នុងនោះមានកម្លាំងរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្ត និងមន្ទីរដែលបានវាស់វែងរួច, និងអ្នកស្ម័គ្រចិត្ដ ។ នៅដើមអាណត្តិទី ៧នេះ យើងនៅសល់ប្រមាណ៥លានក្បាលដី ដែលត្រូវចុះបញ្ជីដីធ្លីបង្ហើយ ហើយមកទល់ពេលនេះយើងនៅសល់ត្រឹមតែក្រោម ២០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែង ដូច្នេះយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយនេះ នឹងត្រូវចប់សព្វគ្រប់ក្នុងពេលឆាប់ៗខាងមុខ ហើយនេះប្រហែលជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលយើងបានចុះបញ្ជីដីធ្លីបានចប់សព្វគ្រប់សរុបប្រមាណ១៣ លានក្បាលដី នៅទូទាំងប្រទេស ដោយកិច្ចការនេះទាមទារឲ្យមានការឯកភាពជាតិ និងការស្រុះស្រួលគ្នា នោះទើបអាចបញ្ចប់ការងារចុះបញ្ជីដីធ្លីបានជោគជ័យ ហើយការបញ្ចប់នូវការវាស់វែងដីធ្លីសម្រាប់ខេត្តបន្ទាយមានជ័យនេះគឺជាជំហានថ្មីមួយ ហើយជំហានបន្ទាប់គឺត្រូវគិតគូរពីសេដ្ឋកិច្ច រៀបចំលំហរសាធារណៈឱ្យបានល្អ ដើម្បីបង្កើនគុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា បើទោះបីជាខេត្តបន្ទាយមានជ័យត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីនាពេលនេះក្តី ក៏មន្រ្តីសុរិយោដីនៅមានការងារវាស់វែងដីនៅបណ្ដាភូមិមួយចំនួនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ, ការងារកំណត់ព្រំ,និងជួយសម្រួលការងារមួយចំនួន ដែលម្ចាស់ក្បាលដីមិនទាន់បានមកទទួលយកបណ្ណកម្មសិទ្ធិរបស់ខ្លួនជាដើម ។ ក្រៅពីនេះក៏នៅមានការដោះស្រាយបញ្ហានិងកំណត់ឲ្យបានច្បាស់លាស់នៅតំបន់បឹងទន្លេសាប ជាមួយអាជ្ញាធរទន្លេសាប ដូចជា តំបន់១ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ, តំបន់២ជាតំបន់កសិកម្ម ធ្វើស្រែប្រាំងនិងស្រូវប្រដេញទឹក,និងតំបន់៣ ជាតំបន់រក្សាទុកព្រៃលិចទឹកដើម្បីរក្សាអាយុជីវិតបឹងទន្លេសាបឲ្យនៅស្ថិតស្ថេរគង់វង្ស ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់សង្កេតឃើញថាទំហំសេដ្ឋកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យគឺមានទំហំធំ ដោយប្រជាពលរដ្ឋភាគច្រើនគឺជាអ្នកដែលមានការងារធ្វើ មានប្រាក់ចំណូល ហើយពេលវេលានេះគឺអ្នកខេត្តបន្ទាយមានជ័យត្រូវរៀនរស់ដោយខ្លួនឯង តាមរយៈការខិតខំធ្វើកសិកម្ម ដាំដុះដំណាំឲ្យបានច្រើនប្រភេទ ដើម្បីបង្កើនជីវភាពគ្រួសារ និង រួមចំណែកជំរុញវិស័យសេដ្ឋកិច្ចក្នុងខេត្ត ។

សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ការប្រកាសបញ្ចប់ការវាស់វែងនេះ មិនមែនមានន័យថាក្រសួងបញ្ឈប់ការវាស់វែងនោះទេ ចំពោះក្បាលដីដែលបានរំលង ឬបងប្អូនដែលមិនទាន់បានសុំចុះបញ្ជី យើងនៅតែបន្តចុះបញ្ជីជូន ។ នេះគ្រាន់តែជាការបិទបញ្ចប់យុទ្ធនាការវាស់វែងប៉ុណ្ណោះ ប៉ុន្តែការងារប្រចាំថ្ងៃរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតែធ្វើការជូនបងប្អូនជាធម្មតា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner