អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទជីវៈចម្រុះ ៣ប្រភេទ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅតំបន់ថ្មកំបោរ ក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថា បានឱ្យដឹងថា បន្ទាប់ពីមានការសិក្សាស្រាវជ្រាវរួមគ្នា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ អ្នកវិទ្យាសាស្រ្ត បានរកឃើញប្រភេទជីវៈចម្រុះចំនួន ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រទេសកម្ពុជា ហើយបន្ទាប់មក ប្រភេទថ្មីចំនួន៣ ត្រូវបានចាត់ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក រួមមាន៖
១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។
២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។
៣-ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់។
យោងតាមរបាយទីតាំងនៃការរកឃើញប្រភេទថ្មីៗទាំងនេះ ក្រុមអ្នកស្រាវជ្រាវស្នើ ចាត់បញ្ចូលប្រភេទទាំង៣ ជាប្រភេទជិតផុតពូជបំផុត(Critically Endangered) នៃក្នុងបញ្ជីក្រហម IUCN។ ការរកឃើញនេះបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ភ្នំថ្មកំបោរនៅកម្ពុជា ដែលជាជម្រកនៃជីវៈចម្រុះពិសេសៗដែលមានតែនៅប្រទេសកម្ពុជា ប៉ុន្តែតំបន់ភ្នំថ្មកំបោរជាច្រើន នៅពុំទាន់មានការសិក្សាស្រាវជ្រាវនៅឡើយ ហើយអ្នកវិទ្យាសាស្ត្រជឿថា ប្រភេទសត្វកម្រជាច្រើនទៀតអាចនឹងមានវត្តមានរស់នៅទីនោះ។ យើងសង្ឃឹមថាការរកឃើញនេះនឹងជួយពង្រឹងដល់ការការពារប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃទាំងនេះឱ្យកាន់តែប្រសើរឡើង៕
ដោយ ៖ ង៉ាន់ ទិត្យ






