សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលធានានូវសន្តិសុខស្បៀងជូនពលរដ្ឋខ្លួន ទោះគេបិទច្រកព្រំដែនជាមួយកម្ពុជាក្តី

(តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ធានាបាន នូវសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋរបស់ខ្លួន ដោយមិនឲ្យគេមើលងាយដល់កម្ពុជា បន្តទៀតនោះឡើយ បើទោះបីប្រទេសកម្ពុជា កំពុងមានបញ្ហាបិទច្រកព្រំដែន ជាមួយប្រទេសថៃក៏ដោយ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា នៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។

សម្តេចធិបតី បានថ្លែងទៅកាន់ជនរួមជាតិថា បើទោះបីពិភពលោក កំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជា នៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀង សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញផងដែរ ។

សម្តេចរំលឹកថា កម្ពុជា ទោះបីក្នុងស្ថានភាពលំបាក ដូចជាការបិទខ្ទប់ពេលមានវិបត្តិកូវីដ-១៩ ក៏កម្ពុជាធានាបានសន្ដិសុខស្បឿងរបស់ខ្លួន និងបញ្ហាផ្សេងៗទៀតដូចជា បញ្ហាការបិទច្រកព្រំដែន ជាមួយថៃក្តី ក៏កម្ពុជា មានលទ្ធភាពធានាសន្ដិសុខស្បឿងគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានរំលឹកពីអតីតកាលរបស់កម្ពុជា ធ្លាប់ជួបប្រទះ អស់ហើយ ទាំងបញ្ហាសន្ដិសុខ ស្បៀង សូម្បីកាលសម្ដេច នៅវ័យកុមារភាព កាលនោះ សម្ដេចតេជោ នៅជារដ្ឋមន្រ្ដីក្រសួងការបរទេស ៤០ឆ្នាំមុន (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ក៏មានបញ្ហាសន្ដិសុខស្បៀងដែរ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ កម្ពុជា ធានាបាននូវសន្តិស្បៀងផ្ទៃក្នុងបាន រហូតអាចនាំ ចេញទៅក្រៅផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមគាំទ្រ ដល់ផលិតផល កសិផលខ្មែរ ក្នុងកាលៈទេសៈនេះ ខណៈសម្ដេចបញ្ជាក់ថា ទោះបីព្រំដែនកម្ពុជា-ថៃមិនបើក រាជដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីនាំផលិតផលខ្មែរ ទៅកាន់ប្រទេសផ្សេងៗទៀត ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចបានបញ្ជារួចហើយឱ្យក្រសួងពាក់ព័ន្ធ ពិនិត្យមើលជំរុញការកែច្នៃ ផលិតផលខ្មែរ ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ទាំងផលិតផលកសិផល បន្លែ និងសាច់ និងបន្តជំរុញ លើវិស័យកសិឧស្សាហកម្មនៅនឹងកន្លែង ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់ ពិភពលោកផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះដើម្បីអនុវត្ត តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាត ឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះឡើយ។ ការអនុវត្តវិធានការនេះ គឺដើម្បីឆ្លើយតបទៅកាន់ទាហានថៃ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី ខណៈការបិទនេះ ក៏នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ដែលភាគីថៃ សម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner