សម្ដេចធិបតី ៖ ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា
(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ទិវាមច្ឆជាតិ លើកទី២០ នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ថា ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា, ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួមក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃក្នុងការបំពេញសេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង។ លទ្ធផលនេះ គឺកើតពីការប្រើប្រាស់កម្លាំងសរុប ដែលជាការចូលរួមពីគ្រប់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយអ្វីដែលយើងសប្បាយរីករាយ គឺបរិមាណត្រីមានការកើនឡើង លក់មិនអស់ និង រក្សាបានតម្លៃ សមរម្យ។
ជាមួយនឹងសមិទ្ធផលវិជ្ជមាននេះ, សម្តេចធិបតី បញ្ជាក់ច្បាស់ថា កម្ពុជា ក្លាយជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង គឺដោយសារកត្តា២ គឺ៖ សន្តិភាព និងគោល នយោបាយ។ ជាក់ស្តែង, ពីមុនកម្ពុជាធ្លាប់ជាអ្នកធានាក្នុងការផលិត និងផ្គត់ផ្គង់ស្បៀង ក៏ប្រែក្លាយទៅជាប្រទេសនាំចូលផលិតផលស្បៀងពីខាងក្រៅ ក្នុងពេលប្រទេស ធ្លាក់ក្នុងភ្លើងសង្គ្រាម, តែបច្ចុប្បន្ន, រាជរដ្ឋាភិបាល បានប្រែក្លាយកម្ពុជា ទៅជាប្រទេស ដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។
ជារួម សមិទ្ធផលនៃកត្តាសន្តិភាព បានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និង សម្រាប់នាំចេញផង ដែលការណ៍នេះ រួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ ។ កត្តាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានធ្វើ និងបន្តធ្វើយ៉ាងសកម្ម រួមមាន៖ ដីកសិកម្មមិនយកពន្ធ, សម្ភារៈបម្រើការផ្នែកសិកម្មមិនយកពន្ធ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យកសិកម្ម, ប្រព័ន្ធធារាសាស្ត្រ, អន្តរាគមន៍ភ្លាមៗ ក្នុងករណីមានតម្រូវការ និងពង្រីក និងបង្កើតទីផ្សារបន្ថែម ។
សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា ការដាក់ចេញ គោលនយោបាយត្រឹមត្រូវ គឺបានធ្វើឱ្យយើងម្ចាស់ការ តាមរយៈការពង្រឹង ការអប់រំ, វិស័យសុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, បច្ចេកវិទ្យា អ៊ិនធើណែត បានធ្វើឱ្យកម្ពុជា អាចតទល់បានដោយងាយស្រួល សម្រាប់ការព្យាយាមគំរាមគំហែងមកកម្ពុជា ទាំងផ្នែកនយោបាយ, យោធា និងសេដ្ឋកិច្ច។ កម្ពុជា បានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម, ក្នុងន័យនេះ, សម្តេចធិបតី បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ និងផលិត ហើយលើក កម្ពស់ផលិតផលក្នុងស្រុក, ព្រមជាមួយគ្នានេះ, យើងនឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដូចនេះ, កម្ពុជាយើងនឹងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូសហប្រតិបត្តិការ ដោយមិនពឹងដង្ហើមគេដក ហើយត្រូវធានាដល់ដៃគូដែលជាការធានាសន្តិសុខនៃការផលិត និងទីផ្សារ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

