កម្ពុជា បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ភាគច្រើនទៅជួយដោះមីននៅតាមបណ្ដាប្រទេសនានា
(ភ្នំពេញ)៖ កម្ពុជា បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ភាគច្រើនទៅជួយដោះមីននៅតាមបណ្ដាប្រទេសនានា ដែលជាជំនាញរបស់កម្ពុជា ហើយក៏បានពីការរួមចំណែករបស់ជប៉ុនដែរ ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងការសាទរ និងរីករាយចំពោះវត្តមានរបស់ឯកឧត្តមសមាជិកសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេច បានចាត់ទុកដំណើរទស្សនកិច្ច របស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន នៅកម្ពុជា គឺជាផ្នែកមួយនៃការញាំងទំនាក់ទំនងរវាងកម្ពុជា ជប៉ុន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
នៅក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសំដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយឯកឧត្តម បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខទៀត ។
ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺទទួលបាននូវផ្លែផ្កាដ៏ល្អ ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានសំដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេស សម្ដេចតេជោផ្ទាល់ ក្នុងការអនុញ្ញាតឲ្យនាវាជើងទឹករបស់ជប៉ុន បានចូលចត់នូវកំពង់ផែរាមកាលពីពេលថ្មីៗនេះ ដែលជាផ្នែកដ៏សំខាន់ នៃការញ៉ាំងទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ អោយកាន់តែរីកចម្រើន ។
ក្រៅពីនោះ ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជា និងជប៉ុន នៅក្នុងវិស័យដោះមីន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុន ក្នុងការជួយដល់ការដោះមីន នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ចាប់តាំងពីជំនាន់លោក ស៊ីនហ្សូ អាបេ ដែលមានការរីកចម្រើនខ្លាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយមកដល់ពេលនេះ គឺកម្ពុជា នឹងជប៉ុន បានឈានដ៏កម្រិតដៃគូយុទ្ធសាស្ត្រជាមួយគ្នា នៃកម្រិតទំនាក់ទំនងដ៏ខ្ពស់រវាងប្រទេសទាំងពីរ ។
សម្ដេចតេជោ ក៏បានរំលេចអំពីភាពជោគជ័យរបស់សម្ដេចធិបតីកន្លងមកនៅប្រទេសជប៉ុន និងជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍នៅទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងសេដ្ឋកិច្ច នយោបាយ និងយោធាជាមួយគ្នា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានកត់សម្គាល់ទាក់ទងទៅនឹងវិស័យដោះមីនផងដែរ ដោយសម្ដេចតេជោ បានរំលឹកថា កម្ពុជា នាពេលបច្ចុប្បន្ននេះ បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក្នុងចំណោមកងទ័ព របស់កម្ពុជាភាគច្រើននោះ ត្រូវបានទៅជួយដោះមីននៅតាមបណ្ដាប្រទេសនានា ដែលជាផ្នែកជំនាញរបស់កម្ពុជា ដែលបានធ្វើកិច្ចការទៅលើការដោះមីន ហើយសម្ដេច ក៏មិនភ្លេចដែរនូវការអរគុណចំពោះភាគីជប៉ុន ពីព្រោះភាពជំនាញរបស់កម្ពុជា នៅក្នុងការដោះមីននេះ ក៏មានការរួមចំណែកជួយជ្រោមជ្រែងទាំងបច្ចេកទេស និងសម្ភារៈផងដែរ ដែលជួយដល់កងកម្លាំងរបស់កម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






