រដ្ឋសភាកម្ពុជា និង អារ៉ាប៊ីសាអូឌីត ពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូសភា អារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមរដ្ឋសភា កម្ពុជា សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ និងគណៈប្រតិភូ សភាអារ៉ាប៊ីសាអូឌីត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជានាពេលនេះ ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១ នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ដែលត្រូវបានបន្តពូនជ្រំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និងអេមីរ៉ាត អារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ និងជំនួបពិភាក្សាការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តី អារ៉ាប៊ីសាអូឌីត កាលពីឆ្នាំកន្លងទៅនោះ។
សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាថ្មីមួយទៀតដែលនឹងជួយពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលបានកសាងឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១០ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកម្រិតទៀត ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ កន្លងមកសភាប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ។
ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានគោរពអញ្ជើញ ឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង ។
ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត រវាងសភាប្រទេសទំាងពីរ។ នៅក្នុងនោះ ឯកឧត្តមបណ្ឌិត បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅ អារ៉ាប៊ីសាអូឌីត នាពេលខាងមុខនេះ ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញនេះ ដោយសម្តេចបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោយពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាបានបញ្ចប់ទៅ ទំនាក់ទំនងប្រទេសទំាងពីរកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត នៅក្នុងនោះស្ថានទូត អារ៉ាប៊ីសាអូឌីត នៅក្នុងរាជធានីភ្នំពេញនឹងបើកដំណើរការជាផ្លូវការ ។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរក៏ផ្លាស់ប្តូរព័ត៌មានពីទៅគ្នាទៅវិញទៅ ជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាសកលផងដែរ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព។ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិសហវិជ្ជមាន និងច្បាប់អន្តរជាតិ។ សម្តេចបានលើកឡើងថា កម្ពុជាបានអនុវត្តមធ្យោបាយសន្តិវិធី តាមរយៈការចរចាទ្វេភាគី និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ភាពតានតឹង និងជម្លោះដែលនឹងអាចរីកធំឡើងនាពេលខាងមុខ។ កម្ពុជាបានបញ្ជូនសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អារ៉ាប៊ីសាអូឌីត មានសក្តានុពលវិស័យថាមពល ចំណែកកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម។ កម្ពុជាសង្ឃឹមថា អារ៉ាប៊ីសាអូឌីត និងទទួលនាំចូលកសិផលពីកម្ពុជា និងវិនិយោគនៅលើវិស័យអាហារហាឡាល់នៅកម្ពុជាផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាអារ៉ាប៊ីសាអូឌីតមិនគួរមើលកម្ពុជាត្រឹមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគួរមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ដែលជាទីផ្សារដ៏ធំមួយមានពលរដ្ឋរាប់លាននាក់ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ









