ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ជួបសំណេះសំណាលជាមួយតំណាង Konrad-Adenaur-Stiftung កម្ពុជា និងក្រុមយុវជន KAS For Legal Youth
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសំណេះសំណាលជាមួយតំណាង Konrad-Adenaur-Stiftung (KAS) កម្ពុជា និងក្រុមយុវជន KAS For Legal Youth (KASFLY) នៅទីស្ដីការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងជំនួបនេះ ក៏មានការធ្វើបទបង្ហាញរបស់អង្គភាពជំនាញអំពីដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា រដ្ឋាភិបាលឌីជីថល និងការរៀបចំច្បាប់និងបទដ្ឋានគតិយុត្តិរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់ក្រុមយុវជនពាក់ព័ន្ធនឹងក្របខណ្ឌគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្តិលើការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងរៀបចំ ជាអាទិ៍ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ជាពិសេស សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិតដែលជាយុទ្ធសាស្ត្រថ្នាក់ជាតិជំរុញប្រសិទ្ធភាពនៃអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ព្រមទាំងផ្ដល់ឱកាសឱ្យក្រុមយុវជនធ្វើបង្ហាញស្តីពីការសន្និដ្ឋានជាបឋមទៅតាមប្រធានបទស្រាវជ្រាវផ្សេងៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាឈានមុខនានា និងទទួលបានមតិយោបល់ពីគណៈប្រតិភូ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ




