អាមេរិកមិនបញ្ជូនជំនួយយោធាទៅអ៊ុយក្រែនតាមសន្យា
បរទេស ៖ សេតវិមាន បានអះអាង កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបញ្ឈប់ការបញ្ជូនជំនួយយោធាមួយចំនួន ទៅប្រទេសអ៊ុយក្រែន ខុសពីការសន្យារបស់ខ្លួន។
ប្រភពបានបញ្ជាក់ថា ជាការបញ្ឈប់ដឹកជញ្ជូនអាវុធសំខាន់ៗមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រូវបានសន្យា នៅក្រោមរដ្ឋបាល របស់លោក Biden អតីតប្រធានាធិបតីអាមេរិក។ ការណ៍នេះ ត្រូវបានគេដឹងថា ជាការប៉ះទង្គិចមួយ សម្រាប់ទីក្រុង Kyiv ខណៈដែលខ្លួនធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ី។
អ្នកស្រី Anna Kelly លេខាធិការរង ផ្នែកសារព័ត៌មាន របស់សេតវិមាន បានប្រាប់ AFP តាមអ៊ីមែលថា «ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដើម្បីតម្កល់ផលប្រយោជន៍របស់អាមេរិកជាមុនសិន បន្ទាប់ពីការត្រួតពិនិត្យ របស់ក្រសួងការពារជាតិ ជុំវិញការគាំទ្រ និងជំនួយផ្នែកយោធា របស់ប្រទេសយើង ទៅកាន់ប្រទេសដទៃទៀត នៅទូទាំងពិភពលោក»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធា រាប់សិបពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានផ្តើមការលុកលុយ ពេញលេញ របស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
