លោកមហាសេដ្ឋី Elon Musk និងលោក Donald Trump ផ្ទុះសង្គ្រាមពាក្យសម្តីជាថ្មី
បរទេស៖ បន្ទាប់ពីស្ងប់ស្ងាត់ ជាច្រើនសប្តាហ៍ សង្គ្រាមពាក្យសម្តី រវាងលោក Elon Musk និង លោក Donald Trump បានចាប់ផ្តើមផ្ទុះឡើងជាថ្មី ជុំវិញច្បាប់ថវិកា ដោយក្នុងនោះ លោក ប្រធានាធិបតីអាមេរិក អះអាងថា ជាច្បាប់ដ៏ល្អ ប៉ុន្តែ លោក មហាសេដ្ឋីបច្ចេកវិទ្យា រិះគន់ចំៗថា នឹងធ្វើឲ្យបំណុលប្រជាជនអាមេរិកកើនដល់ ៥ទ្រីលានដុល្លារអាមេរិក។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Sky News កាលពីថ្ងៃទី១ ខែកក្កដា លោក Elon Musk បានបង្ហោះ នៅលើបណ្តាញសង្គម X ថា កន្លងមក អ្នកដែលបានខិតខំធ្វើយុទ្ធនាការកាត់បន្ថយការចំណាយ ប៉ុន្តែ បន្ទាប់មក បែរជាមកគាំទ្រច្បាប់ថវិកា គួរឲ្យអាម៉ាស់ ទៅវិញ។ បុរសមានទ្រព្យច្រើនជាងគេលើលោករូបនេះ បានគំរាមថា នឹងបង្កើតឲ្យមាន «ផ្ទាំងរូបភាព» បង្ហាញពីអ្នកបង្កើត និងអ្នកនយោបាយដែលគាំទ្រច្បាប់នេះ ដោយរំលេចពាក្យថា «មនុស្សកុហក» និង «បោះឆ្នោតដើម្បីបង្កើនបំណុលរបស់អាមេរិក ដល់៥ទ្រីលានដុល្លារអាមេរិក»។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX រូបនេះ ថែមទាំងអះអាងថា ល្មមដល់ពេលមាន គណបក្សនយោបាយថ្មី ដែលពិតជាយកចិត្តទុកដាក់ចំពោះប្រជាជន។
យ៉ាងណាមិញ លោក Trump បានវាយបកយ៉ាងរហ័ស ដោយបានហែកហួរថា មហាសេដ្ឋី រូបនេះ ទទួលបានប្រាក់ឧបត្ថម្ភ ច្រើនជាងមនុស្សផ្សេងទៀត នៅក្នុងប្រវត្តិសាស្ត្រ សម្រាប់អាជីវកម្មរថយន្តអគ្គិសនី Tesla។ លោក Trump បានសរសេរ នៅលើ Truth Social ថា «បើគ្មានការឧបត្ថម្ភធនទេ លោក Elon ប្រហែលជា ត្រូវបិទទ្វារក្រុមហ៊ុន ហើយត្រឡប់ ទៅប្រទេសអាហ្វ្រិកខាងត្បូង វិញ»។ លោក Trump ថែមទាំងអះអាងថា នឹងលែងមានការបាញ់បង្ហោះរ៉ុក្កែត ផ្កាយរណប ឬ ការផលិតរថយន្តអគ្គិសនីរបស់ លោកមហាសេដ្ឋីរូបនេះ ដែលនាំឲ្យអាមេរិក សន្សំបានទ្រព្យយ៉ាងច្រើន។ លោកបានព្រមានថា នឹងឲ្យស្ថាប័នជំរុញប្រសិទ្ធិភាពរដ្ឋាភិបាល ហៅកាត់ DOGE ដែលលោក Elon Musk ធ្លាប់គ្រប់គ្រង ទៅធ្វើការវាយបក លើក្រុមហ៊ុន របស់លោកមហាសេដ្ឋី រូបនេះវិញ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុន លោក Elon Musk ក៏ធ្លាប់បានដៀលកប់ៗមាត់ លើច្បាប់ថវិការបស់លោក Trump ជុំវិការចំណាយលើសលុប ក្រោយពេលលោកបានដើរចេញពីស្ថាប័ន DOGE។
គួររម្លឹកដែរថា លោក Musk ធ្លាប់បានចំណាយ យ៉ាងហោចណាស់ ២៥០លានដុល្លារ គាំទ្រលោក Trump ក្នុងពេលបោះឆ្នោត ហើយបន្ទាប់មក លោក បានដឹកនាំ DOGE បណ្តេញបុគ្គលិកសហព័ន្ធប្រហែល ១២០,០០០ នាក់៕
ប្រភពពី Sky News ប្រែសម្រួល៖ សារ៉ាត