ឯកឧត្តម យូ ឡាណា ៖ ការបើកវគ្គបំប៉នគ្រូបង្គោល ផ្តោតទៅលើការគ្រប់គ្រងក្លឹបយុវជន និងវិជ្ជាសង្គ្រោះបឋម
(ភ្នំពេញ)៖ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ការបើកវគ្គបំប៉នគ្រូបង្គោល គឺផ្តោតទៅលើការគ្រប់គ្រងក្លឹបយុវជន និងវិជ្ជាសង្គ្រោះបឋម ពិសេសគ្រូបង្គោលទាំងអស់ដែលបានបណ្តុះបណ្តាលរួច សូមបន្តយកចិត្តទុកដាក់លើគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងពេលបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីទទួលបានការជឿទុកចិត្ត ការការពារ ជាពិសេសក្នុងពេលមានជម្លោះប្រដាប់អាវុធ ។
នេះជាការលើកឡើងរបស់ ឯកឧត្តម យូ ឡាណា ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នគ្រូបង្គោលស្តីពី “ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម” ជូនដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាមកពី១២គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
ឯកឧត្តមអគ្គលេខាធិការរងទី២ បានមានប្រសាសន៍បន្ថែមថា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះបញ្ហាជម្លោះក្នុងតំបន់ ក្នុងនាមប្រតិបត្តិករមនុស្សធម៌ត្រូវយល់ដឹងឱ្យច្បាស់អំពីគោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ។
គោលបំណងបំប៉នសមត្ថភាពគ្រូបង្គោល ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលរួចហើយកាលពីឆ្នាំ២០២៤កន្លងមក ដើម្បីឱ្យពួកគាត់បានបន្តការបណ្ដុះបណ្ដាលជូនយុវជនកាកបាទក្រហមកម្ពុជាផ្សេងទៀត នៅតាមគ្រឹះស្ថានឧត្ដមសិក្សារៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសជួយជំរុញសកម្មភាពនៅតាមក្លឹបយុវជនកាកបាទក្រហមកម្ពុជា ឱ្យកាន់តែបុរេសកម្មថែមទៀត ។
នៅក្នុងវគ្គបំប៉ននេះដែរ ក៏មានបទបង្ហាញអំពី ប្រវត្តិចលនាអន្តរជាតិ, សមាសភាគចលនាអន្តរជាតិ, បដិរូបនៃភាពមនុស្សធម៌, គោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ,ប្រវត្តិនៃការបង្កើតបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជន ក្នុងចលនាអន្តរជាតិ, បច្ចុប្បន្នភាពនៃបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជន ក្នុងចលនាអន្តរជាតិ ភូមិភាគអាស៊ីអាគ្នេយ៍, ការគ្រប់គ្រងបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្ត ,លក្ខខណ្ឌក្លឹបស្ទង់ដា និងទម្រង់របាយការណ៍, បទបញ្ជាផ្ទៃក្នុងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ។ ជាមួយគ្នានេះរំលឹកនូវមូលដ្ឋានគ្រឹះវិជ្ជាសង្គ្រោះបឋមរួមមាន៖ ការរបួស ហូរឈាម និង បាក់ឆ្អឹង, ការធ្វើចលនាបេះដូង (AED) និងដំណេកសុវត្ថិភាព , សុខភាព និងជំងឺមិនឆ្លង ។
សូមជម្រាបជូនដែរថា វគ្គបំប៉នគ្រូបង្គោលនេះមានចំនួន២វគ្គផ្សេងគ្នា ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦៤នាក់ មកពីគ្រឹះស្ថានឧត្ដមសិក្សាទាំង ២៥ក្នុងរាជធានីភ្នំពេញ ដោយវគ្គទី១បានរៀបចំឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ មន្ត្រីប្រតិបត្តិ ទីប្រឹក្សាយុវជន និងយុវជន សរុបចំនួន ៤០នាក់ មកពី ១២ ក្នុងចំណោម ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ និងវគ្គទី២ គ្រោងនឹងរៀបចំនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ៕






ដោយ / គ្រី សម្បត្តិ