សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើនជើងហោះហើរកាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរី មកកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី បន្ថែមទៀត ជាពិសេស សម្ដេចជំរុញឱ្យបង្កើនជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកម្ពុជា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសទទួលជួបឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសឹង្ហបុរី នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តម ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងចំពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ និងស្វាគមន៍ ដែលបានជួបឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី សិង្ហបុរី និងគណៈប្រភូ, សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែល្អប្រសើររីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី មានភាពរីកចម្រើន និងមានលក្ខណៈយូរអង្វែងចាប់តាំងពីព្រះរាជកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋកាលពី ៦០ឆ្នាំមុន ដោយមានការចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងឯកឧត្តម លី-ក្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដំបូងបំផុតរបស់សិង្ហបុរី ហើយរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តមានភាពរីកចម្រើនជាបន្តបន្ទាប់ ។

ក្នុងឱកាសនោះ ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានទទួលជួបឯកឧត្តម និងគណៈប្រតិភូយ៉ាងកក់ក្ដៅ ។ ឯកឧត្តមក៏បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដោយមានការរីកចម្រើនជាលំដាប់ ជាពិសេស នៅឆ្នាំនេះ គឺជាខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ ។

សម្ដេចតេជោ បានលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសតាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យទេសចរណ៍ប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោ ចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា ជាពិសេសនៅពេលដែលកម្ពុជាដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោថ្មីនាពេលឆាប់ខាងមុខ ។

សម្ដេចតេជោ ក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ និងថៃ បានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត ។

សម្ដេចប្រធានប្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជា ទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺកម្ពុជា ចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ ។

ឯកឧត្តមនាយកដ្ឋមន្រ្ដី ក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណង នៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ។ ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរ នឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner