លោក ម៉ាក្រុង ប្រាប់លោកពូទីនតាមទូរស័ព្ទ ឲ្យឈប់បាញ់នៅអ៊ុយក្រែន
បរទេស ៖ មេដឹកនាំ ប្រទេសបារាំង លោក Macron កាលពីថ្ងៃអង្គារ បានជំរុញឱ្យលោក Putin ទទួលយកបទឈប់បាញ់ អ៊ុយក្រែន អំឡុងការហៅទូរស័ព្ទ ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២២។
វិមានប្រធានាធិបតី Élysée បាននិយាយថា អំឡុងការជជែកគ្នា រយៈពេល២ម៉ោង ប្រធានាធិបតីបារាំង បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី យល់ព្រមលើបទឈប់បាញ់ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ លោក Emmanuel Macron បានអំពាវនាវ ឱ្យមានការចាប់ផ្តើមការចរចា ស្តីពីការបញ្ចប់សង្គ្រាម ជាមួយនឹងដំណោះស្រាយ ដ៏រឹងមាំ និងយូរអង្វែង។ លោក បានសង្កត់ធ្ងន់ ពីការគាំទ្រឥតងាករេ របស់បារាំង ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែន។
យ៉ាងណាមិញ ជាការឆ្លើយតប លោក ពូទីន បានស្តីបន្ទោស លោកខាងលិច ចំពោះជម្លោះអ៊ុយក្រែន តែអះអាងថា កិច្ចព្រមព្រៀងសន្តិភាពគួរតែមាន “យូរអង្វែង” នេះបើតាមវិមានក្រឹមឡាំង។ សេចក្តីថ្លែងការណ៍ បញ្ជាក់ថា « លោក វ្ល៉ាឌីមៀ ពូទីន បានរំលឹក លោក ម៉ាក្រូ ថា ជម្លោះអ៊ុយក្រែន គឺជាផលវិបាកផ្ទាល់ នៃគោលនយោបាយ របស់រដ្ឋ លោកខាងលិច»។
លោក ពូទីន បានបន្ថែមថា រដ្ឋលោកខាងលិច មិនអើពើផលប្រយោជន៍សន្តិសុខ របស់រុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំ។ លោក ពូទីន បានប្រាប់ថា កិច្ចព្រមព្រៀងសន្តិភាព គួរតែទូលំទូលាយ និង ផ្តល់ការលុបបំបាត់មូលហេតុឫសគល់ នៃវិបត្តិអ៊ុយក្រែន និង ផ្អែកលើការពិត នៃទឹកដីថ្មី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត