សម្ដេចតេជោ ហ៊ុន សែន ៖ សមិទ្ធផលបង្គោលព្រំដែន កម្ពុជា-វៀតណាម ជាការឯកភាគ្នា ឈរលើគោលការណ៍អន្តរជាតិ នៃការដោះស្រាយដោយសន្តិវិធី
(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បង្គោលព្រំដែនកម្ពុជា-វៀតណាម ជាសមិទ្ធផលដែលភាគីទាំងពីរ បានឯកភាពគ្នា ហើយយកគោលការណ៍ទឹកជ្រៅ ដើម្បីបែងចែកព្រំដែន ដែលនេះជាគោលការណ៍អន្តរជាតិ នៃការដោះស្រាយបញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។

សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងបន្តថា កម្ពុជា-វៀតណាម បានកំណត់យកគោលការណ៍ទឹកជ្រៅ ដើម្បីកំណត់បែងចែកព្រំដែនដោយសន្តិវិធី និងស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ ។

សម្ដេចតេជោ បានបន្តថា នេះហើយជាគោលការណ៍អន្តរជាតិ ដែលដោះស្រាយបញ្ហាដោយសន្តិវិធី ហើយតាមច្បាប់អន្តរជាតិ។ ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានរៀបចំក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ដែលកាលពីមុន បារាំង គូសផែនទីម្ដងដើរតាមព្រែកយើង ម្ដងដើរតាមព្រែកវៀតណាម ។ ដោយសារមានការលំបាក ទើបភាគីទាំងពីរ យកគោលការណ៍ទឹកជ្រៅធ្វើជាខ្សែព្រំដែន អ៊ីចឹង ទម្លាក់ខ្សែព្រំដែនទាំងអស់ តាំងពីមុម៣ កម្ពុជា វៀតណាម ឡាវ រហូតមក ។
គួរបញ្ជាក់ថា កម្ពុជា-វៀតណាម គិតត្រឹមឆ្នាំ២០២៤ បានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤%ហើយ នៅសល់តែ១៦% ទៀតតែប៉ុណ្ណោះ ខណៈព្រំដែនគោកប្រទេសទាំងពីរ មានប្រមាណជា ១២៧០គីឡូម៉ែត្រ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
