សម្ដេចតេជោ ហ៊ុន សែន ប្រាប់មិត្តជប៉ុនថា កម្ពុជា មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់មិត្តជប៉ុនថា កម្ពុជា មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ ពោល អ្វីដែលកម្ពុជា ត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី តាមរយៈយន្តការ នៃច្បាប់អន្តរជាតិ គឺ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ ការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យលោក Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ កក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ទាក់ទងទៅនឹងបញ្ហាព្រំដែនកម្ពុជា និងថៃ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុនបន្ថែមឱ្យបានយល់អំពីទិដ្ឋភាពជាក់ស្ដែងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងកើតមាន ដោយចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃ មកលើទាហានកម្ពុជាស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងការសម្រេចបិទព្រំដែនជាឯកតោភាគទី របស់ភាគីថៃ ដែលធ្វើឲ្យស្ថានភាព នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កាន់តែតានតឹងនាពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីចំណុចសំខាន់ ដើម្បីពន្យល់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន ឱ្យបានជ្រាបពីទិដ្ឋភាពជាក់ស្ដែង ដែលបានកើតឡើងរវាងកម្ពុជា និងថៃនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានឆ្លៀតប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា មកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ (ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣) ។ អ្វីដែលកម្ពុជា ត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោល គឺតាមរយៈយន្តការ នៃច្បាប់អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ ក្នុងនោះ សម្ដេចតេជោ បានបញ្ជាក់ថា ទោះបីពេលនេះ កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ក៏ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា ដោយអាចប្រាប់ទៅនាយករដ្ឋមន្ត្រីជប៉ុន បានជ្រាប ហើយអាចឲ្យជប៉ុន ជំរុញភាគីថៃ ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោល គឺទៅកាន់តុលាការ ICJ ។
ជាការឆ្លើយតប ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសន្យាថា នឹងនាំសារនេះ ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនដោយផ្ទាល់ អំពីចំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ហើយឯកឧត្តម ក៏បានសំដែងនូវការរីករាយចំពោះចំហររបស់កម្ពុជា ដែលដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា ហើយលោកនឹងជម្រាបពីអ្វីដែលសម្រេចតេជោ បានលើកឡើងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនឲ្យបានជ្រាបពីបញ្ហានេះ ហើយលោកក៏អរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់យ៉ាងពិស្ដារ យ៉ាងល្អឲ្យរូបលោក ក៏ដូចជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានយល់យ៉ាងច្បាស់អំពីស្ថានការណ៍ព្រំដែន រវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ននេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ





