សម្តេតេជោ ហ៊ុន សែន៖ ការចរចាព្រំដែនរវាងកម្ពុជា-វៀតណាម , ភាគីទាំងពីរ បានឯកភាពគ្នា ទម្លាក់ខ្សែព្រំដែនទៅចំណុចទឹកជ្រៅ

(ព្រៃវែង)៖ សម្តេតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចរចាព្រំដែនរវាងកម្ពុជា-វៀតណាម មានរឿងល្អមួយ ដោយភាគីទាំងពីរ បានឯកភាពគ្នា ទម្លាក់ខ្សែព្រំដែនទៅចំណុចទឹកជ្រៅ ។

ដំណោះស្រាយនេះ ជាដំណោះស្រាយល្អបំផុតតាមនិយាមអន្តរជាតិ ដែលតែងយកជន្លងទឹកជ្រៅ ធ្វើជាព្រំដែន ។ ការឯកភាពនេះល្អ ដែលជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការស្រុះស្រួលឯកភាពគ្នារវាងកម្ពុជា-វៀតណាម ក្នុងការដោះស្រាយព្រំដែន តាមរយៈការទម្លាក់ខ្សែព្រំដែនដែលនៅជាប់មាត់ព្រែកទៅក្នុងតំបន់ទឹកជ្រៅ ជាដំណោះស្រាយឈ្នះ-ឈ្នះ ជាអត្ថប្រយោជន៍ដែលទទួលបានទាំងសងខាង ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ការយកជ្រលងទឹកជ្រៅ ធ្វើការកំណត់ព្រំប្រទល់ដែន គឺអនុវត្តតាមនិយាមអន្តរជាតិ ។ ចំណុចនេះ សម្តេចតេជោ បានកត់សម្គាល់ថា មិនមែនជាចំណុចសាមញ្ញទេ បារាំងគូសផែនទី ជួនកាត់រត់តាមមាត់ព្រែកខាងកម្ពុជា ពេលចង់ចុះដងទឹកត្រូវសុំច្បាប់ទៅវៀតណាម ជួនកាលគូសមាត់ទឹកខាងវៀតណាម បើវៀតណាមចង់ចុះ ត្រូវសុំកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ដំណោះស្រាយនេះ ក៏អនុវត្តជាមួយឡាវផងដែរ ដោយអនុញ្ញាតពលរដ្ឋទាំងសងខាង អាចប្រើប្រាស់ទឹក និងនេសាទ ដូចគ្នា។ សម្តេចថា នេះហើយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner