សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានគូសបញ្ជាក់ថា គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពសក្តិសមទៅនឹងតម្រូវការចាំបាច់ និងមានពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព ។

គម្រោងសាងសង់នេះ ត្រូវបានរចនាប្លង់សាងសង់តាមរចនាបថខ្មែរ ដោយក្រុមហ៊ុន រចនា ប្លង់ «មនា ខន់ស្រ្កាក់សិន» និងអនុវត្តសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដោយរួមមានអគារសំខាន់ៗចំនួន ២ ដូចខាងក្រោម៖

ទី១៖ អគារទីស្នាក់ការធំ ត្រូវបានរចនាបថនៃស្ថាបត្យកម្មសម័យអាណានិគម ផ្សារ ភ្ជាប់ ជាមួយនឹងស្ថាបត្យកម្មប្រភេទដំបូលប៉ិតរបស់ខ្មែរ ដែលជាប្រភេទដំបូល ដ៏ពេញ និយមមួយនៅក្នុងស្ថាបត្យកម្មខ្មែរ និងមានកម្ពស់ ២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានក្រឡាផ្ទៃបាតសរុបទំហំ ៣,១៦៨ ម៉ែត្រក្រឡា ហើយមានតួនាទីសំខាន់ សម្រាប់ បម្រើ ដល់ការជួបជុំធំៗ ដែលអាចទទួលមនុស្សបានពី ៨០០ ដល់ ១ ០០០នាក់ និង ជា ការិយាល័យធ្វើការ បន្ទប់រង់ចាំ សាលប្រជុំតូច។

ទី២៖ អគាររដ្ឋបាល ត្រូវបានរចនាឡើងស្របតាមស្ថាបត្យកម្មខ្មែរដែលមាន ដំបូល ប្រភេទរោងឌឿង និងមានក្រឡាផ្ទៃសរុបទំហំ ៤៧១ម៉ែត្រក្រឡា។ អគារនេះមានមុខ ងារបម្រើឱ្យការងារទូទៅប្រចាំថ្ងៃរបស់គណបក្សខេត្ត រួមមាន៖ បន្ទប់សម្រាប់ មន្ទីររដ្ឋ បាល, មន្ទីររណសិរ្ស, គណៈឃោសនាអប់រំ, គណៈចាត់តាំង, គណៈត្រួតពិនិត្យ, គណៈ ចលនាមហាជន, គណៈហិរញ្ញវត្ថុ និងបន្ទប់ប្រជុំ ។

ក្រៅពីអគារសំខាន់ទាំងពីរខាងលើនេះ ក៏មានការសាងសង់អគារ និងហេដ្ឋារចនា សម្ព័ន្ធ ពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ អគារផ្ទះបាយដែលមានក្រឡាផ្ទៃសរុបទំហំ ៣០៥ម៉ែត្រក្រឡា, អគារទទួលទានអាហាររួមមានក្រឡាផ្ទៃសរុបទំហំ ២១៩ ម៉ែត្រ ក្រឡា, រោងសម្រាប់ដាក់គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង, សួនច្បារ, ខ្យូសកម្សាន្ត ចំណតរថយន្ត និងទីធ្លាសម្រាប់រៀបចំមីទ្ទីង ផ្សេងៗ ដែល អាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់ ។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ធំទាំងអស់ ។

សម្តេចធិបតី បានសាទរដល់គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី ។ សម្តេច បានថ្លែងថា ការកសាងអគារគណបក្សធំបែបនេះ មិនមែនចៃដន្យ ឬធ្វើអគារសម្រាប់ប្រជុំនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់បក្ស ក្នុងការបម្រើប្រជាពលរដ្ឋរយៈពេលវែង មិនមែនរយៈពេលខ្លីទេ ។

សម្ដេចធិបតី បានសម្ដែងការអបអរសាទរចំពោះទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី ដែលទីតាំងនេះ សម្រាប់រយៈពេលវែងឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner