សម្តេចតេជោ ហ៊ុន សែន ៖ ចំណុចខ្លាំងរបស់បក្សប្រជាជនកម្ពុជា គឺគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ
(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺមិនមានអ្នកណាមកបំបែកបំបាក់បានឡើយ ។ សម្តេច ថា អ្នកដែលចង់បំបែកគណបក្សប្រជាជន តែងតែបែកខ្លួនឯងជានិច្ច ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំដល់អ្នកដឹកនាំដឹកនាំបន្តវេនទាំងអស់ ធ្វើយ៉ាងណារក្សាឲ្យបាននូវចំណងដ៏រឹងមាំនេះ ។
ការថ្លែងរបស់សម្ដេចប្រធានបក្សកាន់អំណាចដូចនេះ ជាការឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួនពិសេសក្រុមប្រឆាំងដែលធ្លាប់បានលើកឡើងជាបន្តបន្ទាប់ថា គណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុង ។
ថ្លែងនៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបដែលមានវត្តមាននាឱកាសនោះ មានទាំងសម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា អ្នកដែលព្យាយាមបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា គឺច្រើនតែ រលាយខ្លួនឯង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ


