សម្តេចតេជោ​ ហ៊ុន​ សែន​៖​ នៅថ្ងៃទី១១ ខែកក្កដា រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ពិភាក្សា​ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ​ស្តីពីការដកសញ្ជាតិជនជាតិខ្មែរណាដែល​ឃុប​ឃិត​ជា​មួយ​បរទេសបំផ្លាញជាតិសាសន៍ឯង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៍បញ្ជក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥​ខាងមុខនេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ពិភាក្សា​ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ​ស្តីពីការដកសញ្ជាតិជនជាតិខ្មែរណា ដែល​ឃុប​ឃិត​ជា​មួយ​បរទេសបំផ្លាញជាតិសាសន៍ឯងហើយ ដោយ​កិច្ច​ប្រជុំ​នេះ ​គឺ​គ្មាន​ការ​ប្រែប្រួល​នោះ​ឡើយ ​ហើយអ្នកណាចង់និយាយអ្វីក៏មិនខ្វល់ដែរ។ ការបញ្ជាក់នេះ​ ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សូមផ្តាំទៅក្រុមប្រឆាំង ជា​ពិសេស​ពួក​ឧទ្ទាម​ក្រៅច្បាប់ថា រដ្ឋសភានឹងបើកកិច្ចប្រជុំឆាប់ៗនេះ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដកសញ្ជាតិហើយ ដោយសារតែពួកទាំងនោះ បានធ្វើរឿងមិនគប្បីចំពោះជាតិ ពោល​គឺ​ឃុបឃិត​ជាមួយបរទេស ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃតែម្តង។

សូមជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥​ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖ “ខ្ញុំសូមផ្តាំផ្ញើទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ ព្រោះពេលនេះជាពេលវេលាដែលត្រូវការហើយ ច្បាប់រដ្ឋធម្មនុញ្ញរបស់យើងមិនអនុញ្ញាតឲ្យមានការដកសញ្ជាតិទេ ហើយខ្លួនខ្ញុំទប់ទល់អារឿងហ្នឹង ប៉ុន្តែកាលពីសម័យសាធារណរដ្ឋខ្មែរវាកាតើទោសព្រះករុណាព្រះបិតា ហ្លួងម៉ែ វាកាត់ទោសដកសញ្ជាតិ តុលាការរបស់លន់ នុល មានច្បាប់អនុញ្ញាតឲ្យដកសញ្ជាតិ។ ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ្ញយើង គឺមិនដកសញ្ជាតិមិននិរទេសពលរដ្ឋខ្មែរ។ ប៉ុន្តែនៅពេលវេលានៃការបង្ហាញមកដល់អំពីការឃុបឃិតជាមួយបរទេសប្រឆាំងនឹងជាតិឯង តើតម្រូវឱ្យមានការដកសញ្ជាតិទេ? សូមឱ្យសិក្សាអំពីបញ្ហានេះ នេះគ្រាន់តែជាគំនិតផ្តួចផ្តើមដែលខ្ញុំមើលឃើញថា វាល្មមដល់ពេលហើយដែលកម្ពុជាត្រូវធ្វើរឿងនេះ ដើម្បីជាការធានាការអះអាងមួយថា កម្ពុជាមិនត្រូវបានទទួលការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនទេ”៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន

ads banner