សម្តេចតេជោ ហ៊ុន សែន ៖ គ្មានការចរចាទ្វេភាគីជាដាច់ខាត ក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ
(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។ សម្តេចបានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ។ កម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយមិនបាច់មកតាមញ៉ែដើម្បីការចរចាណាទៀតទេ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
សម្ដេចតេជោ បានលើកឡើងពីកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលរៀបចំដោយរដ្ឋមន្ត្រីស្ដីទី នៃក្រសួងការពារជាតិថៃ ដែលចេញមកប្រកាសពាក់ព័ន្ធនឹងការបិទព្រំដែន ដោយបញ្ជាក់ថា ថៃ មិនបានបិទច្រកព្រំដែន ឬកែសម្រួលម៉ោងពេលនោះទេ ។
ត្រង់ចំណុចនេះ សម្ដេចតេជោ បានថ្លែងតបថា មើលខ្ញុំសុំសួរបន្តិចទៅប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃ អាពាក្យបិទច្រក និងកែសម្រួលពេលហ្នឹងវាយ៉ាងម៉េច? វាបិទដូចតែគ្នា ព្រោះពីដើមធ្លាប់ថាពីម៉ោង៦ (ព្រឹក) ដល់ម៉ោង ១០យប់ អ៊ីចឹងពេលហ្នឹងអ្នកឯងចំហរថ្វាយ។ ដល់ក្រោយមកអ្នកឯងថាពីម៉ោង ៨ (ព្រឹក) ដល់ម៉ោង ៤(រសៀល) បិទ អាហ្នឹងថាម៉េច? និយមន័យនៃពាក្យថា បើកតែកែសម្រួលពេលវេលា មានន័យថាម៉េច? ។
សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបន្តថា ឃ្លាដែលថា បើក ប៉ុន្តែកែសម្រួលពេលវេលា សម្ដេចចោទសួរចំៗទៅភាគីថៃថា ឃ្លានេះមានន័យយ៉ាងណាទៅវិញ បើភាគីថៃ បានឃាត់ឃាំងសេរីភាពចេញចូលរបស់ពលរដ្ឋ នៃប្រទេសទាំងពីរ ដែលធ្លាប់មានមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទៅហើយនោះ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ថៃមិនត្រឹមតែភូតកុហកកម្ពុជាទេ គឺភូតកុហកពលរដ្ឋថៃខ្លួនឯង និងភូតកុហកពិភពលោកទៀត ៕




អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ