នាយឧត្តមសេនីយ៍ ទៀ សីហា៖ ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមភូមិថាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃទី២ កក្កដា ២០២៥ រួចមក សូមបញ្ជាក់ជូនថា៖
១.ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
២.ខ្ញុំសូមអរគុណដល់ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ។
ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។
អាស្រ័យហេតុនេះ គឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោ គឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់៕
ដោយ៖ពលជ័យ