សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះ ឈប់ទិញអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅ ឈប់ទិញដាច់ខាតចំពោះអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាសសម្តេចបែបនេះ គឺដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្ន អ្វីដែលជាផ្នែកយុទ្ធសាស្ដ្រកុំទិញពីថៃឲ្យសោះ ទីមួយ៖ អគ្គិសនី ដាច់ខាតកុំទិញ, ទីពីរ៖ អ៉ីនធ័រណេត, ទីបី៖ ប្រេងឥន្ធនៈ និងឧស្ម័ន ព្រោះថា ពេលមានការគេកាត់អាហ្នឹង និងងាប់»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងថៃគំរាមមកកម្ពុជា មិនមែនរឿងថ្មីនោះទេ កាលពីជម្លោះព្រំដែន កម្ពុជា-ថៃ កាលលើកមុន ថៃក៏បានគំរាមមកកម្ពុជាផងដែរ ដូច្នេះហើយ បានជាផ្លូវជាតិលេខ៦៨ សម្ដេចបង្វែរមកប្រើប្រាស់ថវិកាជាតិវិញ ព្រោះថា ថៃបានគំរាមកំហែងកាត់ផ្ដាច់ជំនួយ ។

សម្ដេចតេជោ បានបញ្ជាក់ថា ការចាក់បញ្ចាំងរឿងថៃ ត្រូវបញ្ឈប់ទាំងអស់ ហើយល្មមដល់ពេលដែលកម្ពុជា បញ្ឈប់ការបញ្ចាំងរឿងថៃហើយ ត្រូវមកគាំទ្ររឿងភាពយន្ដក្នុងស្រុកវិញ ។

សម្ដេចប្រធានព្រឹទ្ធសភា ក៏បានរំលឹកផងដែរថា កាលពីឆ្នាំ២០០៣ កម្ពុជា បានបញ្ឈប់ឲ្យចាក់បញ្ចាំងរឿងថៃ នៅក្នុងប្រទេសកម្ពុជាម្ដងរួចមកហើយ តែខាងភាគីថៃ បានស្នើសុំមកសម្ដេចជានិច្ចកាល ទើបសម្ដេចអនុញ្ញាតឲ្យមានការចាក់បញ្ចាំងរឿងថៃឡើងវិញ នៅកំឡុងឆ្នាំ២០១៦-២០១៧ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ទាំងអស់ នៅកម្ពុជា អាចបង្វែរទៅទិញប្រេងឥន្ធនៈ នៅតាមបណ្ដាប្រទេសផ្សេងបាន ក្រៅពីថៃ ដោយមិនចាំបាច់ប្ដូរស្លាកយីហោនោះទេ ។ សម្ដេចថ្លែងដូច្នេះថា ក្រុមហ៊ុន PTT ជាក្រុមហ៊ុនប្រេងរដ្ឋ របស់ថៃ អ៊ីចឹង PTT ងាកទៅទិញប្រេងពី វៀតណាម ពីសាំងហ្គាពួរ ពីម៉ាឡេ យកមកចាក់ទៅ ស្ថានីយប្រេងរបស់ខ្លួន មិនបាច់ចាំដូរឈ្មោះទេ នៅហ្នឹងទៅ ប៉ុន្តែកុំតែទៅទិញប្រេងពីប្រទេសថៃ មកបានហើយ ។

ក្នុងន័យនេះ សម្ដេច អះអាងថា ខាងនោះអ្នកលេង ប៉ុន្តែខាងនេះអ្នកមែន ខាងនោះបានតែគម្រាម ខាងណេះធ្វើមែន ហើយយុទ្ធសាស្ត្រដែលកម្ពុជាគួរចៀសវាង ទុកជាមុនមាន ៤ចំណុច គឺ ការផ្គត់ផ្គង់អគ្គីសនីដោយខ្លួនឯង ការផ្គត់ផ្គង់អ៊ិនធើណេត និងប្រេងឥន្ធនៈជាដើម ដើម្បីចៀសវាងការគម្រាមកំហែងពីថៃ ពោល គឺដូចជាពេលបច្ចុប្បន្ន បើទោះបីជាថៃ គម្រាម ប៉ុន្តែកម្ពុជា បានបញ្ឈប់មុនដោយមិនខ្លាចការគម្រាមពីថៃនោះទេ កម្ពុជា រឺងមាំគ្រប់គ្រាន់ដែលអាចផ្គត់ផ្គង់បានដោយខ្លួនឯង ។

ទោះជាយ៉ាងណាក្ដី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នៅតែចង់បានទំនាក់ទំនងល្អ មិត្តភាពជិតខាងល្អ ជាមួយប្រទេសថៃ ប៉ុន្តែករណីខាងលើគឺជា ការឆ្លើយតបទៅកាន់ភាគីថៃ ដែលបន្តបង្កការគម្រាមកំហែង និងបិទព្រំដែនដោយឯកតោភាគីមកកាន់កម្ពុជា។ ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅពេលច្រកទ្វារព្រំដែនបើកដំណើរការឡើងវិញ ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា ទើបកម្ពុជាផ្ដើមចរចាលើបញ្ហាផ្សេងៗ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner