កម្ពុជា ទទួលជំនួយឥតសំណងជិត ៣លានដុល្លារ ពីជប៉ុន សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជិត ៣លានដុល្លារ សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។ ការផ្តល់ជំនួយឥតសំណងនេះ ត្រូវបានក្រសួងការបរទេសបញ្ជាក់ថា គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នូវទឹកប្រាក់ចំនួន ៤៤២លានយ៉េន ដែលស្មើនឹង ២លាន ៩៤ម៉ឺន ៧ពាន់ ដុល្លារអាម៉េរិកនេះ បានធ្វើឡើងរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ឯកឧត្តម UENO Atsushi នៅថ្ងៃទី៣ កក្កដា ២០២៥ នេះ នៅទីស្តីការក្រសួង ។
ក្រោមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ការផ្តល់ជំនួយរបស់ជប៉ុនមកកម្ពុជាបច្ចុប្បន្ន ត្រូវគេឃើញថា បានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំ ទូលាយលើវិស័យជាច្រើនដូចជា៖ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, វិស័យអប់រំ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល, ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម ៕




អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ