សម្តេចតេជោ ហ៊ុន សែន ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលគប់គិតជាមួយបរទេសបំផ្លាញជាតិឯង
(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯងហើយ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងក្រុមប្រឆាំង គង់ហ្នឹងដល់ទេ ហើយក៏សូមជូនព័ត៌មាន ទៅក្រុមប្រឆាំងដែរ អ្នកឯងចង់ថាម៉េច ថាទៅ ប៉ុន្តែ សភានឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែកក្កដា នេះហើយ រដ្ឋធម្មនុញ្ញនឹងត្រូវបានកែដើម្បីផ្តល់ឱកាសសម្រាប់ការដកសញ្ជាតិ។ អ្នកឯងប្រឹងប្រឆាំងគប់គិតជាមួយបរទេស ប្រឆាំងជាមួយខ្មែរទៀតទៅ អ្នកឯងលមើលទៅ ។
សម្តេចតេជោ បានគូសបញ្ជាក់ថា សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានសមាជិករដ្ឋសភា ទាំង ១២៥រូប និងសមាជិករាជរដ្ឋាភិបាល បានទូលថ្វាយ ទៅព្រះមហាក្សត្រ និងត្រូវបានព្រះមហាក្សត្រទ្រង់សួរយោបល់ទៅក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញទូលថ្វាយព្រះមហាក្សត្រថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកសញ្ជាតអ្នកគប់គិតជាមួយបរទេស គឺអាចធ្វើបានដោយមិនផ្ទុយនឹងច្បាប់ ។
សម្តេចបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺរបបប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំតាមបែបសភានិយមនៅកម្ពុជា។ នៅកម្ពុជា របបរាជានិយម ត្រូវបានធានា និងការពារយ៉ាងរឹងមាំតាមច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេស គឺផ្ទុយស្រឡះពីក្រុមប្រឆាំងមួយចំនួនតូច ដែលមានទង្វើក្បត់ជាតិ បានទាមទារឱ្យរំលាយរបបរាជានិយមនៅកម្ពុជាចោល ចំពោះទង្វើក្បត់ជាតិរបស់ក្រុមប្រឆាំង គឺមិនអាចធ្វើទៅរួចជាដាច់ខាតនៅកម្ពុជា ។
ជាមួយនេះដែរ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៅក្រុមប្រឆាំងថា នៅប្រទេសកម្ពុជា ទោះបីជាអស់ឥស្សរជនជំនាន់មុនទៅ ក៏នៅសល់កូនៗរបស់ឥស្សរជនជាច្រើនរូបទៀត ដែលបន្តគោរព ប្រតិបត្តិតាមមាគ៌ារបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីការពាររបបរាជានិយមនៅកម្ពុជា ការពារព្រះមហាក្សត្រ ពីទង្វើក្បត់ជាតិរបស់ក្រុមប្រឆាំងមួយក្តាប់តូច មិនឱ្យមកបំផ្លាញកម្ពុជា បានជាដាច់ខាត។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ចំពោះព្រះរាជសារ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ។
ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំ ធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន។
សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥កន្លងមក សម្តេចតេជោ ហ៊ុន សែន បានស្នើឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យពិចារណាធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ជនទាំងឡាយណាគប់គិត ជាមួយបរទេសបំផ្លាញខ្មែរ។ ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន បានកើតឡើងចំពេលក្រុមប្រឆាំងជ្រុលនិយមជាជនជាតិខ្មែរមួយក្តាប់តូចរស់នៅបរទេសបាននឹងកំពុងវាយប្រហារជាតិឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក្នុងកាលៈទេសៈកម្ពុជាកំពុងកើតមានជម្លោះព្រំដែនជាមួយថៃ ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ