លោក Trump ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃទី២ ខែកក្កដា បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសវៀតណាម អំឡុងការចរចា នៅនាទីចុងក្រោយ។
ទីភ្នាក់ងារព័ត៌មាន BBC បានចេញផ្សាយថា ផ្អែកតាមកិច្ចព្រមព្រៀងថ្មី វៀតណាមនឹងឈប់យកពន្ធលើមុខទំនិញនាំចូល ពីសហរដ្ឋអាមេរិកទាំងអស់ ហើយ អាមេរិកនឹងគិតពន្ធ លើទំនិញនាំចូលពីវៀតណាម ត្រឹម២០% ពោលគឺធ្លាក់ចុះពី ៤៦% ដែលលោក Trump ធ្លាប់បានកំណត់ កាលពីខែមេសា។ លោក Donald Trump បានប្រកាស តាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា នេះគឺជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ នៃកិច្ចសហប្រតិបត្តិការ។
យ៉ាងណាមិញ លោក Trump បានអះអាងថា សហរដ្ឋអាមេរិក ក៏នឹងដាក់ពន្ធដ៏តឹងរឹង ចំនួន៤០% លើទំនិញដែលឆ្លងកាត់ប្រទេសវៀតណាម នៅក្នុងដំណើរការ ដែលគេស្គាល់ថាជា «ការដឹកជញ្ជូនឆ្លងកាត់» ប្រភពចេញពីប្រទេសទី៣។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសភ្លាមៗ ក្រោយពេលដែលអគ្គលេខាធិការវៀតណាម លោក To Lam បានជួបសន្ទនា តាមទូរស័ព្ទ ជាមួយលោក Trump។ អំឡុងនោះ ភាគីវៀតណាម ក៏បានរំលឹកឡើងវិញ ពីការអញ្ជើញ ប្រធានាធិបតីអាមេរិក រូបនេះ ឱ្យទៅបំពេញទស្សនកិច្ច នៅវៀតណាម ផងដែរ។
ជាការកត់សម្គាល់មួយទៀត ក្រុមហ៊ុនគ្រួសាររបស់លោក Trump ថ្មីៗនេះ បានប្រកាសពីគម្រោងអភិវឌ្ឍន៍ នៅប្រទេសវៀតណាម។ រដ្ឋាភិបាលទីក្រុងហាណូយ ទើបបានអនុម័តគម្រោងរួមគ្នា រវាងក្រុមហ៊ុន Trump Organization និង ក្រុមហ៊ុនក្នុងស្រុកមួយរបស់វៀតណាម សហការវិនិយោគ ទឹកប្រាក់ ១.៥ ពាន់លានដុល្លារ លើការសាងសង់សណ្ឋាគារ, ទីលានវាយកូនហ្គោល និងអចលនទ្រព្យប្រណីត។
ក្នុងសង្គ្រាមពន្ធគយ ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំង សហភាពអឺរ៉ុប និងជប៉ុន នៅតែព្យាយាមធ្វើកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ជាមួយសហរដ្ឋអាមេរិក ឲ្យបានមុនថ្ងៃទី៩ ខែកក្កដា ដែលត្រូវចូលជាធរមាន ចំពោះការតំឡើងពន្ធទំនិញនាំចូល ដាក់ចេញដោយលោកប្រធានាធិបតី Donald Trump៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត