ទីម័រខាងកើត អរគុណកម្ពុជា ដែលបានគាំទ្រឱ្យក្លាយជាសមាជិកទី១១ នៃអាស៊ាន
(ភ្នំពេញ)៖ ទីម័រខាងកើត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកម្ពុជា ដែលបានគាំទ្រ ទីម័រខាងកើត ឱ្យក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ការថ្លែងអំណរគុណនេះត្រូវបានលើកឡើងក្នុងអំឡុងពេលជំនួបសម្តែងការគួរសម និងជម្រាបលា របស់ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត Lopes ចំពោះការបញ្ចប់ បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ចាប់តាំងពីខែមេសា ឆ្នាំ២០២០ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសទីម័រខាងកើត ព្រមទាំងបាន ទទួលស្គាល់ពីវឌ្ឍនភាព របស់ប្រទេសទីម័រខាងកើត ឆ្ពោះទៅកាន់ការក្លាយ ជាសមាជិកអាស៊ានទី១១ ដែលថ្នាក់ដឹកនាំអាស៊ាន នឹងធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
ឯកឧត្តមឯកអគ្គរដ្ឋទូត Lopes បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេច ហើយបានកត់សម្គាល់ថា ឈ្មោះរបស់សម្តេចតេជោ គឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះជំនួយសង្គ្រោះជំងឺកូវីដ-១៩ របស់កម្ពុជា ដល់ទីម័រខាងកើត ក្នុងអំឡុងពេលមានការរាតត្បាត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធានាចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតថា ឯកអគ្គរដ្ឋទូតទីម័រខាងកើត ដែលនឹងមកកាន់តួនាទីបន្ទាប់ នឹងទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដូចគ្នា ៕
ដោយ ៖ សួង ពិសិដ្ឋ
