សម្តេច ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធិផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន
(ខេត្តកំពត)៖ សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។
ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ, អ្នកឧកញ៉ា យី រដ្ឋា និងឯកឧត្តម ប៊ុន ដារ៉ា ព្រមទាំងក្រុមគ្រួសារ រួមជាមួយ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាងកុសលផលបុណ្យ ប្រកបដោយសទ្ធា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យតាមជំនឿរៀងៗខ្លួន។
សមិទ្ធផលជាច្រើនបានកើនឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។
ថ្លែងក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ការរីកចម្រើនរបស់ពុទ្ធចក្រ គឺមាការចូលរួមចំណែកយ៉ាងសំខាន់ពីកត្តាសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលបានរួមគ្នា ប្រិតបត្តិបានយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីព្រះពុទ្ធសាសនា និងកសាងសមិទ្ធិផលជាច្រើននៅតាមវត្តអារាមនៅទូទាំងប្រទេស។ ទាំងនេះវាខុសប្លែកកាលពីជាង ៤៦ឆ្នាំមុន ដែលប្រទេជាតិកំពុងជួបការលំបាក រងឥទ្ធិពល និងផលប៉ះពាល់នៃវិប្បត្តិសង្គ្រាម ដែលធ្វើឲ្យការកសាងសមិទ្ធិផលនានានៅក្នុងវត្តត្រូវចំណាយពេលយូរអាចរហូតដល់ជាង១០ឆ្នាំក៏មាន។ ប៉ុន្តែ បច្ចុប្បន្ននេះ ការសាងសង់ព្រះវិហារដែលមានលក្ខណ:ស្អាត ប្រណិត គឺចំណាយពេលតែជាងចន្លោះពី ១-២ឆ្នាំ ប៉ុណ្ណោះ។
គួររំលឹកផងដែរ វត្តតូបនេះបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៥០ មានអាយុកាលជាង ៧៥ឆ្នាំហើយ និងបានកសាងមកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ក្នុងនោះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីបច្ចុះបឋមសិលាសាងសង់ព្រះវិហារនេះ ។ ដោយឡែកនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះក៏មានពិធីសម្ពោធសមិទ្ធិផលនានានៅវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ ៖ ថេត វិចិត្រ








