មន្រ្តីនគរបាលចរាចរណ៍ ៣នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ
(ភ្នំពេញ)៖ មន្រ្តីនគរបាលចរាចរណ៍ចំនួន៣នាក់ដែលបានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរនៃបទល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៖មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣នាក់ ដែលឈរជើង ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។
ក្រសួងមហាផ្ទៃ បញ្ជាក់ឱ្យដឹងដែរថា៖ដោយអនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ។
ក្រសួងមហាផ្ទៃ បានលើកឡើងថាដើម្បីឱ្យការអនុវត្តវិន័យបានទទួលប្រសិទ្ធភាពនោះ ជាក់ស្តែងកន្លងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ការអប់រំនិងធ្វើកិច្ចសន្យា ,ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ,ការចេញលិខិតព្រមានលើកទី១ ,ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។
គួរបញ្ជាក់ថាអតីតមន្រ្តីនគរបាលចរាចរណ៍ដែលត្រូវបាន បណ្តេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា មានឈ្មោះដូចជា៖
១- អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ អត្តលេខ ៨៣០៦៩ នាយរងផ្នែក
២- អនុសេនីយ៍ឯក ម៉ន សារ៉ន អត្តលេខ ១៦១០៣ មន្ត្រី
៣- អនុសេនីយ៍ឯក ឈន តុលាអត្តលេខ ៨២១៨៨ មន្ត្រី៕
ដោយ ៖ ម៉ាដេប៉ូ

