ពលរដ្ឋ ៥០០គ្រួសារ នឹងត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ក្នុងចំណោម ២៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតរួមគ្នាអស់រយៈពេល៥ថ្ងៃដោយរលូនក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីសរុបទូទាំងប្រទេសចំនួន ១២,៣២៩គ្រួសារ នឹងត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ដោយឡែកសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩,៨២៩គ្រួសារ ដែលពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

ថ្លែងក្នុងពិធីបិទ ចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. បានឱ្យដឹងថា ក្នុងចំណោមអ្នកចាប់ឆ្នោតបានចំនួន ២,៥០០គ្រួសារនេះ អ្នកមានសំណាងចំនួន ៥០០គ្រួសារ ដែលជ្រើសរើសតាមលំដាប់លេខរៀងដែលចាប់បានតាមរាជធានី ខេត្តនឹងត្រូវបានក្រុមការងារចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ឯកឧត្តម សរ សុវណ្ណា បានបន្តថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីរបស់លេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្រប។ ចំពោះករណីពេលចុះពិនិត្យឃើញថា មានអ្នកដាក់ពាក្យស្នើសុំដីមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងមិនជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះនឹងជ្រើសរើសជំនួសបំពេញចំនួនកំណត់ឱ្យគ្រប់ចំនួន ៥០០គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី/ខេត្តសាមី។

គួរបញ្ជាក់ដែរថា «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner