រដ្ឋបាលខេត្តកែប លែងមេត្រីពូជ និងកូនត្រីរាប់ម៉ឺនក្បាល ចូលក្នុងអាងធម្មជាតិ

កែប៖ត្រីមេពូជចំនួន៣០គីឡូក្រាមនិងកូនត្រីចម្រុះចំនួន៣ម៉ឺនក្បាល ត្រូវបានលែង​ចូលទៅក្នុងអាងទឹកទំនប់រនេស ស្ថិតនៅ​ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងឱកាសទិវាមច្ឆជាតិ ១កក្កដានិងបង្កើនធនធានជលផល​ធម្មជាតិ។

ក្នុងពិធីលែងកូនត្រីកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក ថឹង បូរិន ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកែបបានឱ្យដឹងថា មេត្រីពូជដែល​យកមកលែងមានប្រភេទ ត្រីឆ្ពិន ត្រីអណ្តែង ត្រីក្រាញ់ ជាដើម។

លើកទឹកចិត្ត ជាមួយសារអំពាវនាវផង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែបបានកោតសរសើរ​អភិបាល​រង​ទទួលបន្ទុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំបានពិធីនេះឡើង​យ៉ាងល្អ។ឯកឧត្តមរំពឹងថា តាមរយៈត្រីមេពូជ និងកូនត្រីដែលលែងនាពេលនេះ និងជួយទៅ​បន្ថែមបរិមាណត្រី​ក្នុងអាងទឹកនេះ ដែលជាប្រយោជន៍សម្រាប់ប្រជាជន។ស្របតាម​កំណើនទេសចរមកកម្សាន្តខេត្តកែប​ កើនឡើង ជាលំដាប់នោះ ឯកឧត្តមអភិបាល​ជំរុញណែនាំដល់មន្ទីរកសិកម្មខេត្តដែលជាមន្ទីរជំនាញ យកចិត្តទុកដាក់ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍវារីវប្បកម្មទាំងខ្នាតតូច មធ្យម និងធំ តាមតំបន់ដែល​មានសក្តានុពលទាំងទឹកសាប ទឹកប្រៃ ដើម្បីផ្គត់ផ្គង់តម្រូវការសាច់ត្រី និងវារីវប្បកម្ម​ផ្សេងៗ។ទន្ទឹមនេះក៏ត្រូវ ពង្រឹងការទប់ស្កាត់នូវ​បទល្មើសនេសាទ​គ្រប់​ប្រភេទទាំង​ទឹកសាប និងទឹកប្រៃ។

បើតាមលោកប្រធានមន្ទីរកសិកម្មខេត្តកែបបានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៥នេះ ប្រជានេសាទប្រមូលផល​នេសាទ​​ទឹកសាបស្រស់ចំនួន៦៥តោន និងនេសាទសមុទ្រ​ស្រស់ចំនួន ២ ៧៧៧តោន៕
ដោយ៖ សិលា សារិន

ads banner