ប្រជាជនកូរ៉េខាងជើងរីករាយនឹងរមណីយដ្ឋានឆ្នេរដ៏ធំ
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង បានចេញផ្សាយថា ប្រទេសនេះ បានបើកតំបន់រមណីយដ្ឋានដ៏ធំមួយ នៅឆ្នេរសមុទ្រភាគខាងកើត ដើម្បីឲ្យប្រជាជនរបស់ខ្លួន និង ទេសចរអន្តរជាតិ ទៅកម្សាន្តរីករាយ។
តំបន់ទេសចរណ៍ Wonsan Kalma ត្រូវបានគេដាក់ឈ្មោះថា Waikiki មួយនេះ អាចផ្ទុកមនុស្សបានជិត ២ម៉ឺននាក់ នេះបើយោងតាមទីក្រុងព្យុងយ៉ាង ដែលពណ៌នាថាជា «រមណីយដ្ឋានវប្បធម៌ លំដាប់ពិភពលោក»។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ របស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍ថា តំបន់ទេសចរណ៍នេះ បានបើកឱ្យភ្ញៀវទេសចរណ៍ ក្នុងស្រុកចូលកម្សាន្ត តាំងពីថ្ងៃអង្គារ ដោយបានផ្សព្វផ្សាយរូបភាព នៃអ្នកទេសចរ ក្នុងឈុតហែលទឹក ចម្រុះពណ៌ រីករាយនឹងឆ្នេរនេះ។
KCNA បានរាយការណ៍ថា ប្រជាជនកូរ៉េខាងជើង គ្រប់វ័យ មកពីទូទាំងប្រទេស បានសម្រុកទៅលេង ពោរពេញដោយភាពរីករាយ។
ប្រភពបានបន្ថែមថា អ្នកទស្សនាមានការភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃទីក្រុងទេសចរណ៍ មានអគារជាង៤០០ ដែលត្រូវបានរចនាដោយសិល្បៈ តម្រង់ជួរ នៅឆ្នេរខ្សាច់ ស ប្រកប ដោយភាពសុខដុមរមនា។
ក្រុមអ្នកវិភាគ បាននិយាយថា លោក Kim បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ របស់កូរ៉េខាងជើង អំឡុងឆ្នាំដំបូង នៃការកាន់អំណាចរបស់លោក ហើយ តំបន់រមណីយដ្ឋានឆ្នេរ គឺជាការផ្តោតជាពិសេស។
យោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ភ្ញៀវទេសចររុស្ស៊ីមួយក្រុម គ្រោងនឹងទៅទស្សនាតំបន់នេះ ជាលើកដំបូង នៅថ្ងៃទី៧ ខែកក្កដា។
ប៉ុន្តែ ដោយសារសមត្ថភាពជើងហោះហើរ មានកំណត់ ទេសចរអន្តរជាតិទៅកាន់រមណីយដ្ឋានឆ្នេរថ្មី ទំនងជានៅតិចនៅឡើយ នេះបើយោងតាមក្រសួងបង្រួបបង្រួម របស់ទីក្រុងសេអ៊ូល។ ក្រសួងរបស់កូរ៉េខាងត្បូងមួយនេះ បាននិយាយថា «មានការប៉ាន់ប្រមាណថា ចំនួនអ្នកទស្សនាអាចត្រូវបានកំណត់ ត្រឹមប្រហែល១៧០នាក់ នៅក្នុងមួយថ្ងៃ»។
លោក Kim បាននិយាយ កាលពីសប្តាហ៍មុនថា ការសាងសង់កន្លែងនេះ នឹងក្លាយជា “ជោគជ័យដ៏អស្ចារ្យបំផុតមួយ នៅឆ្នាំនេះ” ហើយថា កូរ៉េខាងជើងនឹងសាងសង់តំបន់ទេសចរណ៍ទ្រង់ទ្រាយធំ បន្ថែមទៀត “ក្នុងរយៈពេលដ៏ខ្លីបំផុត តាមដែលអាចធ្វើទៅបាន”៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត