អ៊ីស្រាអែលធានាថា អ៊ីរ៉ង់មិនអាចគំរាមកំហែងខ្លួនទៀតទេ
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល បាននិយាយអះអាងថា កងទ័ពនឹងធានាថា អ៊ីរ៉ង់មិនអាចគំរាមកំហែង ប្រទេសនេះ ម្តងទៀតទេ។
លោក Israel Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា «កងទ័ពត្រូវតែបង្កើតផែនការមួយ ដើម្បីការពារទប់ស្កាត់ អ៊ីរ៉ង់ ពីការគំរាមកំហែង លើអ៊ីស្រាអែលម្តងទៀត បន្ទាប់ពីសត្រូវទាំងពីរ បានប្រយុទ្ធគ្នា ក្នុងសង្គ្រាម រយៈពេល ១២ ថ្ងៃ កាលពីខែមុន នេះបើតាមសេចក្តីអធិប្បាយ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ។
លោក Katz បាននិយាយ នៅក្នុងកិច្ចប្រជុំ ជាមួយមេដឹកនាំយោធា កាលពីថ្ងៃព្រហស្បតិ៍ថា «បេសកកម្មបច្ចុប្បន្ន របស់យោធាអ៊ីស្រាអែល គឺ ដើម្បីរៀបចំផែនការអនុវត្តមួយ ដើម្បីធានាថា អ៊ីរ៉ង់មិនអាចគំរាមកំហែងអ៊ីស្រាអែល ម្តងទៀតបានទេ»។
លោក Katz បាននិយាយបន្ថែមថា «កងទ័ពត្រូវតែរៀបចំ លើកម្រិតស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការដើម្បីធានាថា កងកម្លាំងអាកាស រក្សាឧត្តមភាពផ្លូវអាកាស លើទីក្រុងតេអេរ៉ង់ សមត្ថភាពក្នុងការពង្រឹងការរឹតបន្តឹងលើអ៊ីរ៉ង់ និងការពារ ទប់ស្កាត់ពីការកសាងសមត្ថភាពនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ឡើងវិញ»។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ ទម្លាក់គ្រាប់បែក ប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ១៣ ខែមិថុនា បន្ទាប់ពីសង្រ្គាមស្រមោល អស់រយៈពេល ជាច្រើនទសវត្សរ៍ ដោយនិយាយថា ជាការវាយប្រហារ មានគោលបំណង រារាំងអ៊ីរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលជាមហិច្ឆតា ត្រូវបានទីក្រុងតេអេរ៉ង់ បានបដិសេធ រហូតមក តែ រោងចក្រនុយក្លេអ៊ែររបស់ខ្លួនក៏បានរងការខូចខាតផងដែរ បើរាប់ទាំងការវាយប្រហារ របស់អាមេរិក កាលពីថ្ងៃទី២២ ខែមិថុនា។
ជាការឆ្លើយតប អ៊ីរ៉ង់ក៏បានវាយប្រហារអ៊ីស្រាអែលវិញ និងបានបាញ់មីស៊ីល លើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា មុនពេលសម្រេច ឲ្យមានបទឈប់បាញ់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត